មេដឹកនំាកូរ៉េខាងជើងលោក Kim Jong Un បាននាំកូនស្រីវ័យជំទង់របស់លោកមកកាន់ទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅលើឆាកអន្តរជាតិ ធ្វើឲ្យមានការព្យាករបន្ថែមទៀតថា កូនស្រីម្នាក់នេះអាចនឹងក្លាយជាអ្នកបន្តវេនដ៏មានសក្តានុពលរបស់លោក នៅក្នុងការគ្រប់គ្រងវង្សត្រកូលគ្រួសារលើរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ ។
រដ្ឋឯកាកូរ៉េខាងជើងពុំធ្លាប់ដែលបង្ហាញឈ្មោះ ឬអាយុរបស់កូនស្រីម្នាក់នេះឡើយ ប៉ុន្តែក្រុមមន្រ្តីចារកម្មកូរ៉េខាងត្បូង មានជំនឿថា នាងគឺជាកូនស្រីម្នាក់ដែលត្រូវបានផ្តល់អត្តសញ្ញាណថាមានឈ្មោះ Ju Ae ដោយអតីតកីឡាករបាល់បោះ Dennis Rodman ដែលបានមកលេងគ្រួសារលោក Kim កាលពីឆ្នាំ ២០១៣ ពេលដែលនាងនៅជាទារក ។

នាងត្រូវបានគេមើលឃើញនៅពីក្រោយឪពុករបស់នាង ពេលដែលពួកគេចុះពីលើរថភ្លើងពាសដែក ក្រោយធ្វើដំណើរពេញមួយយប់ពីទីក្រុងព្យុងយ៉ាង មកកាន់រដ្ឋធានីប្រទេសចិន ជាទីដែលលោក Kimចូលរួមពិធីដង្ហែរព្យុហយាត្រាយោធាទ្រង់ទ្រាយធំនាថ្ងៃពុធនេះ ដែលរៀបចំឡើងដោយប្រទេសចិន ដើម្បីរំឭកដល់ការចុះចាញ់របស់ជប៉ុនក្នុងការបញ្ចប់សង្រ្គាមលោកលើកទី ២នៅតំបន់ប៉ាស៊ីហ្វិក ។
លោក Yang Moo-jin គឺជាប្រធានសាកលវិទ្យាល័យសិក្សាកូរ៉េខាងជើងនៅទីក្រុងសេអ៊ូល និយាយថា វាគឺជាលើកដំបូងដែលនាង Ju Ae អមដំណើរជាមួយលោក Kimនៅក្រៅកូរ៉េខាងជើង ។
លោកបន្តថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនដែលជាប្រទេសមហាមិត្ត អាចនិយាយបានថាជាការបង្ហាញតាក់ទិកពីទីក្រុងប៉េកាំង ស្របពេលដែលវត្តមានរបស់ក្មេងស្រី Ju Ae ឆ្លុះបញ្ចាំងពីកម្មសិក្សាស្នងដំណែងនៅលើឆាកអន្តរជាតិ ។
លោក Yang បញ្ជាក់ទៀតថា ការទទួលដំណើរទស្សនកិច្ចនាងរបស់ទីក្រុងប៉េកាំង បានលើកឡើងផងដែរពីការគោរពគោលជំហររបស់លោក Kim ហើយនិងអាចបង្ហាញសញ្ញាបំណងរបស់ចិន ក្នុងការធានាសម្ព័ន្ធសាច់ឈាមប្រទេសទាំង ២ បន្តចូលដល់ជំនាន់ក្រោយ ៕
