បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Hans Grundberg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា លោកបានជួបជាមួយប្រធានក្រុមចរចាហ៊ួទី លោក Mohammed Abdelsalam រួមជាមួយនឹងមន្ត្រីអូម៉ង់ នៅទីក្រុង Muscat រដ្ឋធានីអូម៉ង់ ដោយទាមទារឲ្យមានការដោះលែងបុគ្គលិកអង្គការសហប្រជាជាតិ ដែលក្រុមហ៊ួទីបានឃាត់ខ្លួន នៅភាគខាងជើងប្រទេសយេម៉ែន។
នៅក្នុងកិច្ចប្រជុំនោះ លោក Grundberg បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរលកថ្មីៗ ជាក់ស្តែង និងកំពុងបន្តនៃការឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិដោយក្រុមហ៊ួទី នៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន និងទីក្រុងកំពង់ផែ Hodeidah ដោយទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់។

លោកបានសង្កត់ធ្ងន់ថា ការឃុំខ្លួនបុគ្គលិកUN អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងបុគ្គលិកបេសកកម្មការទូត ក៏ដូចជាការបង្ខំឲ្យចូលទៅក្នុងបរិវេណអគាររបស់អង្គការសហប្រជាជាតិ និងការរឹបអូសយកទ្រព្យសម្បត្តិរបស់UN ដោយក្រុមហ៊ូធី បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់អង្គការសហប្រជាជាតិក្នុងប្រតិបត្តិការ នៅក្នុងប្រទេសយេម៉ែន និងការផ្តល់ជំនួយដែលត្រូវការច្រើន។
កាលពីថ្ងៃអាទិត្យ លោក Grundberg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតថា៖«យ៉ាងហោចណាស់ បុគ្គលិកUN ចំនួន១១នាក់ ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុង Sanaa និង Hodeidah»។ លោកបានបន្ថែមថា៖«ក្រុមប្រដាប់អាវុធហ៊ួទី បានសម្រុកចូលទៅក្នុងបរិវេណអគាររបស់UN ហើយបានរឹបអូសយកទ្រព្យសម្បត្តិ»។
លោក Grundberg បាននិយាយថា ការចាប់ខ្លួនចុងក្រោយនេះ នាំឲ្យចំនួនសរុបនៃបុគ្គលិកUN ដែលត្រូវបានឃុំឃាំងដោយក្រុមហ៊ួទី នៅភាគខាងជើងប្រទេសយេម៉ែន ឡើងដល់ ៣៤នាក់។ ពួកគេចំនួន ត្រូវបានឃុំខ្លួន តាំងពីឆ្នាំ ២០២១ និង ២០២៣ ។ នៅដើមឆ្នាំនេះ បុគ្គលិកអង្គការសហប្រជាជាតិម្នាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ក្រុមហ៊ួទី ក្នុងខេត្ត Saada។
