ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) កាលពីថ្ងៃអង្គារបានស្នើឲ្យសហរដ្ឋអាមេរិក «ពិនិត្យឡើងវិញ»នូវការសម្រេចចិត្តរបស់ខ្លួន ក្នុងការបដិសេធទិដ្ឋាការដល់សមាជិកនៃអាជ្ញាធរប៉ាឡេស្ទីន ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែនេះ។
មន្ត្រីអាមេរិកមួយរូបកាលពីថ្ងៃសៅរ៍ បាននិយាយថា ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស(Mahmud Abbas) ស្ថិតក្នុងចំណោមមន្ត្រីចំនួន ៨០នាក់ពីអាជ្ញាធររបស់លោក ដែលនឹងត្រូវបានបដិសេធមិនផ្តល់ទិដ្ឋាការ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ជាកន្លែងដែលប្រទេសបារាំងកំពុងដឹកនាំការជំរុញឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ការសម្រេចចិត្តមិនធម្មតាបែបនេះ ធ្វើឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) កាន់តែមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយរដ្ឋាភិបាលរបស់អ៊ីស្រាអែល ដែលកំពុងប្រយុទ្ធនឹងសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សា។
អ៊ីស្រាអែលបដិសេធយ៉ាងដាច់អហង្ការចំពោះការអំពាវនាវឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន ហើយបានស្វែងរកប្រមូលផ្តុំអាជ្ញាធរប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់វេសបែង (West Bank) ជាមួយនឹងគូប្រជែងរបស់ខ្លួនគឺក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា។
ថ្លែងទៅកាន់អ្នកសារព័ត៌មានទួរគី នៅលើយន្តហោះដែលត្រឡប់មកពីប្រទេសចិនវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) លោក អឺដូហ្កាន់ បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក «មិនស្របនឹងការលើកឡើងរបស់អង្គការសហប្រជាជាតិ» នោះទេ៕
