លោក Yahya Sarea អ្នកនាំពាក្យយោធានៃចលនានេះ បាននិយាយនៅលើទូរទស្សន៍ Al Masirahថា ក្រុមហ៊ួទីមកពីចលនា Ansar Allah នៅប្រទេសយេម៉ែន បានវាយប្រហារដោយយានដ្រូនទៅលើគោលដៅចំនួន ៤កន្លែង នៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងនោះមានអគារអគ្គសេនាធិការកងទ័ពមួយដែរ។
យោងតាមលោក Sarea អាកាសយានដ្ឋាន Ben Gurion កំពង់ផែសមុទ្រ Ashdod និងរោងចក្រថាមពលនៅក្នុងទីក្រុង Tel Aviv ក៏ត្រូវបានវាយប្រហារផងដែរ។ អ្នកនាំពាក្យក្រុមហ៊ួទីរូបនេះ បានបន្ថែមថា ការវាយប្រហារទាំងនោះ «បានសម្រេចគោលដៅដោយជោគជ័យ»។

កាលពីព្រឹកថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែល បានរាយការណ៍ថា បានស្ទាក់ចាប់យានដ្រូន ដែលវាយប្រហារចេញពីប្រទេសយេម៉ែន។ យោងតាមសេវាសារព័ត៌មានរបស់កងទ័ព យានដ្រូននោះ ត្រូវបានស្ទាក់ចាប់ នៅខាងក្រៅដែនអាកាសអ៊ីស្រាអែល។ ពុំមានអ្នកស្លាប់ឬការខូចខាត ត្រូវបានគេរាយការណ៍ នៅលើទឹកដីអ៊ីស្រា អែលទេ។
កាលពីថ្ងៃទី ២៨ ខែសីហា យន្តហោះរបស់អ៊ីស្រាអែល បានវាយប្រហាររដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយចលនា Ansar Allah។ ការវាយប្រហារនេះ បានសម្លាប់លោក Ahmed Ghaleb Nasser al-Rahawi ជាប្រមុខរដ្ឋាភិបាលដែលបង្កើតឡើងដោយក្រុមហ៊ួទី។ នៅថ្ងៃទី ០១ ខែកញ្ញា ក្រុមហ៊ួទីបានបញ្ជាក់ពីការស្លាប់របស់សមាជិក១១នាក់ទៀតនៃរដ្ឋាភិបាលដែលមិនមានការទទួលស្គាល់នេះ។
បន្ទាប់ពីនោះ មេដឹកនាំចលនា Ansar Allah លោក Abdul Malik al-Houthi បានគំរាមថា នឹងបង្កើនការវាយប្រហារលើអ៊ីស្រាអែល៕
