មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ផ្លូវសម្រាប់ការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក មិនត្រូវបានបិទទេ។
លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Larijani បានធ្វើការអត្ថាធិប្បាយ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលបានរៀបរាប់លម្អិតអំពីលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់សម្រាប់កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Larijani បានបន្ថែមថា អ៊ីរ៉ង់ស្វែងរកការចរចា «សមហេតុផល» ដោយសង្កត់ធ្ងន់ថា «ដោយការលើកឡើងនូវបញ្ហាដែលមិនអាចសម្រេចបាន ដូចជាការរឹតបន្តឹងលើមីស៊ីល ពួកគេ (សហរដ្ឋអាមេរិក) បានកំណត់ផ្លូវមួយ ដែលបដិសេធការចរចាណាមួយ»។
ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើជុំទី ៦ នៃការចរចានុយក្លេអ៊ែរដោយប្រយោលរបស់ពួកគេនៅថ្ងៃទី ១៥ ខែមិថុនា នៅប្រទេសអូម៉ង់។ កិច្ចពិភាក្សា ត្រូវបានផ្អាក បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសដ៏ធំ កាលពីថ្ងៃទី ១៣ ខែមិថុនា ដោយកំណត់គោលដៅទៅលើទីតាំងអ៊ីរ៉ង់ជាច្រើន រួមទាំងកន្លែងនុយក្លេអ៊ែរ និងយោធា។ ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី បានធ្វើឡើង នៅថ្ងៃទី ២២ ខែមិថុនា៕
