ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកមិនមើលក្បួនព្យុហយាត្រាយោធារបស់ចិន នៅថ្ងៃទី ០៣ ខែកញ្ញានេះ ដែលត្រូវចូលរួមដោយប្រធានាធិបតីរុស្ស៊ី លោក វ្ឡ៉ាឌីមៀ ពូទីន (Vladimir Putin) និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ( Kim Jong Un) ដែលជាបញ្ហាប្រឈមចំពោះទីក្រុងវ៉ាស៊ីនតោននោះទេ។
នៅពេលសួរថាតើលោក បានចាត់ទុកព្រឹត្តិការណ៍នេះ ជាបញ្ហាប្រឈមចំពោះសហរដ្ឋអាមេរិកដែរឬទ លោក ត្រាំ បាននិយាយនៅឯសេតវិមានថា៖«ពុំមែនជាបញ្ហាប្រឈមទាល់តែសោះ។ លោកប្រធានាធិបតី បានបញ្ជាក់ថា៖ «ទេ ខ្ញុំមិនឃើញវាទាល់តែសោះ»។

លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«ខ្ញុំមានទំនាក់ទំនងល្អជាមួយ [ចិន] លោក ប្រធានាធិបតី Xi [Jinping] ដូចដែលអ្នកបានដឹងស្រាប់ហើយ ប៉ុន្តែប្រទេសចិន ត្រូវការយើងច្រើនជាងអ្វីដែលយើងត្រូវការពួកគេ ទៅទៀត»។
ប្រទេសចិនកំពុងរៀបចំប្រារព្ធខួបលើកទី ៨០ នៃជ័យជម្នះ ក្នុងការតស៊ូធ្វើសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។ ក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ត្រូវប្រព្រឹត្តទៅ នៅទីលានធានអានមិននៃទីក្រុងប៉េកាំង នៅថ្ងៃទី ០៣ ខែកញ្ញានេះ ដោយមានលោក ស៊ី លោក ពូទីន និងមេដឹកនាំពិភពលោកផ្សេងទៀត ចូលរួម៕
