នៅក្នុងការអត្ថាធិប្បាយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ បន្ទាប់ពីមានកិច្ចពិភាក្សា នៅទីក្រុងប៉េកាំង ប្រមុខសាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីនឹងជួយឲ្យចិនដើរហួសសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសផលិតថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ។
សហរដ្ឋអាមេរិកដំណើរការបណ្តាញរ៉េអាក់ទ័រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដោយមានសមត្ថភាពផលិតថាមពលបានជិត ៩៧ជីហ្គាវ៉ាត់ (GW) ។
តែបើយោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ចិនកំពុងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័ររាប់សិបគ្រឿងយ៉ាងឆាប់រហ័ស ហើយមានសមត្ថភាពផលិត ៥៣,២ជីហ្គាវ៉ាត់នៃប្រតិបត្តិការថាមពលនុយក្លេអ៊ែរ គិតត្រឹមខែមេសា ឆ្នាំ២០២៤។

ប្រធានក្រុមហ៊ុន Rosatom លោក Alexei Likhachev បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា៖ «ប្រទេសចិនមានផែនការដ៏ធំមហិមាជាច្រើន ដើម្បីអភិវឌ្ឍថាមពលអាតូមិក។ ភារកិច្ចនេះត្រូវបានកំណត់ឡើង ដើម្បីតាមឲ្យទាន់ និងលើសពីសហរដ្ឋអាមេរិក លើផ្នែកសមត្ថភាពផលិតសរុប ដែលមានន័យថា ឈានដល់សមត្ថភាពផលិតលើសពី ១០០ជីហ្គាវ៉ាត់»។
នៅពេលត្រូវបានសួរដោយទូរទស្សន៍រដ្ឋថា តើរុស្ស៊ីនឹងជួយចិនក្នុងគោលដៅនោះដែរ ឬអត់ទេ លោក Likhachev បានឆ្លើយតបថា៖ «ពិតណាស់ យើងនឹងជួយ។ ហើយយើងកំពុងជួយរួចហើយ»។
លោក Likhachev បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានជួយសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៤ រួចហើយនៅក្នុងប្រទេសចិន ហើយកំពុងដំឡើង ៤ បន្ថែមទៀត ហើយប្រទេសចិនត្រូវការបរិមាណដ៏ច្រើននៃសារធាតុអ៊ុយរ៉ានីញ៉ូម និងឥន្ធនៈនុយក្លេអ៊ែរ សម្រាប់ផែនការដ៏ធំមហិមារបស់ខ្លួន៕

