ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក បានបើកការបាញ់ប្រហារទៅលើនាវាមួយគ្រឿង ដែលត្រូវគេសង្ស័យថា បានដឹកគ្រឿងញៀន ចេញពីឆ្នេរសមុទ្រនៃប្រទេសវ៉េណេហ្ស៊ុយអេឡា។

លោកបានថ្លែងថា៖ «ទើបតែប៉ុន្មាននាទីចុងក្រោយនេះ យើងបានបាញ់ប្រហារទៅលើទូកមួយទូក ទូកដឹកគ្រឿងញៀន មានគ្រឿងញៀនជាច្រើន នៅក្នុងទូកនោះ»។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃទី ១៩ ខែសីហា ដោយដកស្រង់ប្រភពពីមន្ទីរបញ្ចកោណថា នាវាពិឃាតផ្ទុកមីស៊ីលរបស់អាមេរិកចំនួន បីគ្រឿង (USS Gravely, USS Jason Dunham និង USS Sampson) ត្រូវបានដាក់ពង្រាយ នៅជិតប្រទេសវ៉េណេហ្ស៊ុយអេឡា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការគំរាមកំហែងពីក្រុមជួញដូរគ្រឿងញៀនអាមេរិកឡាទីន។ របាយការណ៍ផ្សេងទៀត បានលើកឡើងពីការដាក់ពង្រាយនាវាមុជទឹក USS Newport News នាវាផ្ទុកមីស៊ីល USS Lake Erie នាវាចូលចត និងកងទ័ពចំនួន ៤.៥០០នាក់។ យោងតាមកាសែត New York Times លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យជាសម្ងាត់មួយបញ្ជូនទៅកាន់មន្ទីរបញ្ចកោណ ដើម្បីចាប់ផ្តើមប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនមួយចំនួន នៅអាមេរិកឡាទីន៕
