វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ទស្សនៈរបស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ពាក់ព័ន្ធនឹងកិច្ចចរចាសន្តិភាពអ៊ុយក្រែន គួរតែត្រូវបានធ្វើមិនដឹងមិនឮ បន្ទាប់ពីរូបលោកបានលើកឡើងនូវអ្វីដែលទីក្រុងមូស្គូហៅថា ជាការកត់សម្គាល់ «បែបអវិជ្ជមាន» បន្តបន្ទាប់ អំពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ProSieben.Sat1 ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអង្គារ លោក Merz បាននិយាយថា លោក Putin គឺ «ប្រហែលជាឧក្រិដ្ឋជនសង្រ្គាមដ៏ធំបំផុត នៅសម័យរបស់យើង» ហើយថា បុគ្គលបែបនេះមិនត្រូវទទួលបានឱកាសអត់ឱនឲ្យនោះទេ។

វិមានក្រឹមឡាំងបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមណាមួយ នៅអ៊ុយក្រែនឡើយ។ ស្ថាប័ននេះបានច្រានចោលដីកាចាប់ខ្លួនឆ្នាំ២០២៣ ដែលចេញចំពោះលោក Putin ដោយតុលាការព្រហ្មទណ្ឌអន្តរជាតិដែលបានចោទប្រកាន់មេដឹកនាំរុស្ស៊ីពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដោយការចាប់ពង្រាត់កុមាររាប់រយនាក់ពីអ៊ុយក្រែន។
នៅពេលត្រូវបានសួរក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសចិន អំពីការស្នើឡើងរបស់លោក Merz ដែលថា ទីក្រុងហ្សឺណែវគួរតែជាកន្លែង សម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា «លោក Merz បានធ្វើសេចក្តីថ្លែងការណ៍បែបអវិជ្ជមានជាច្រើន ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ដូច្នេះ វាស្ទើរតែមិនអាចទទួលយកយោបល់របស់លោកបានទេ នៅពេលនេះ»។
នៅពេលត្រូវបានសួរថា តើសេចក្តីថ្លែងការណ៍មួយណាដែលលោកចង់មានន័យនោះ លោក Peskov បាននិយាយថា «អំពីប្រធានាធិបតីរបស់យើង»៕
