មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចាប់ដៃជាមួយប្រធានសភាជាតិកូរ៉េខាងត្បូង លោក Woo Won-shik នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ។ នេះបើតាមការឲ្យដឹងពីការរិយាល័យរបស់លោក Woo។
ការិយាល័យរបស់លោក Woo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥស្សរជនទាំង២ បានចាប់ដៃគ្នានៅមុនការចាប់ផ្តើមការប្រារព្ធពិធីព្យុហយាត្រាយោធាដែលពួកលោកកំពុងចូលរួមនៅក្នុងប្រទេសចិន ដើម្បីអបអរដល់ការចុះចាញ់ជាផ្លូវការរបស់ប្រទេសជប៉ុន នៅក្នុងសង្គ្រាមលោកលើកទី២។ លោក Woo គឺជាតំណាងរបស់កូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថា រួមជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung លោក Woo បានអំពាវនាវឲ្យចាប់ផ្ដើមឡើងវិញនូវកិច្ចសន្ទនា រវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង បន្ទាប់ពីមាននូវរយៈពេលនៃទំនាក់ទំនងដ៏តានតឹងជាពិសេស។
យ៉ាងណាក្ដី មកទល់ពេលនេះ កូរ៉េខាងជើងបានបដិសេធ ចំពោះការប៉ុនប៉ងរបស់ទីក្រុងសេអ៊ូល ហើយបាននិយាយថា ខ្លួនមិនចាប់អារម្មណ៍ក្នុងការជជែកជាមួយកូរ៉េខាងត្បូងនោះឡើយ។
ការិយាល័យរបស់លោក Woo បានឲ្យដឹងទៀតថា ជាមួយគ្នានេះ លោក Woo ក៏បានជួបជាមួយលោកប្រធានាធិបតី Vladimir Putin នៅទីក្រុងប៉េកាំង ហើយមេដឹកនាំរុស្ស៊ីរូបនេះ បានសួរលោកថា តើមានសារអ្វីមួយដែលលោកអាចបញ្ជូនបន្តទៅកាន់លោក Kim ដែរ ឬទេ។ លោក Woo បានឆ្លើយតបដោយនិយាយថា វា «មានសារៈសំខាន់ខ្លាំងណាស់» ដែលឥឡូវនេះត្រូវកសាងសន្តិភាព នៅឧបទ្វីបកូរ៉េ ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកក៏ដោយ៕