ក្រុមបាតុករបាននាំគ្នាតវ៉ានៅទីក្រុងហ្សេរុយសាឡឹម ប្រទេសអ៊ីស្រាអែល នាថ្ងៃពុធនេះ ដោយពួកគេខ្លះនាំគ្នាឡើងលើដំបូងអគារបណ្ណាល័យជាតិ មើលសភាអ៊ីស្រាអែល និងអំពាវនាវឲ្យដោះលែងចំណាប់ថ្នូរនៅឃុំខ្លួនក្នុងតំបន់ហ្កាហ្សា ក៏ដូចជាបញ្ចប់សង្រ្គាម ។
បាតុកម្មជាច្រើនទៀត ត្រូវបានគេរំពឹងថានឹងកើតមានផងដែរនៅថ្ងៃនេះ នៅជុំវិញទីក្រុងហ្សេរុយាសាឡឹម ហើយវានឹងបញ្ចប់ទៅជាមួយនឹងបាតុកម្មទ្រង់ទ្រាយធំនៅកណ្តាលទីក្រុង នាពេលល្ងាច ។
គ្រួសារចំណាប់ថ្នូរ និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានបង្កើនយុទ្ធនាការសាធារណៈរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ស្របពេលដែលអ៊ីស្រាអែលជំរុញផែនការគ្រប់គ្រងតំបន់ហ្កាហ្សាស្រ្ទីបទាំងមូល ខណៈកិច្ចប្រជុំបទឈប់បាញ់ បានជាប់គាំង ចាប់តាំងពីខែកក្កដារហូតមក ។
សង្រ្គាមបានផ្ទុះឡើង ពេលដែលការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសនៅតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១.២០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ហើយមនុស្ស ២៥១នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ។ ចំណាប់ថ្នូរ ២០ ក្នុងចំណោមចំណាប់ថ្នូរសេសសល់ ៤៨នាក់ ត្រូវបានគេមានជំនឿថានៅរស់ ។
ដោយឡែក យុទ្ធនាការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៦៣.០០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ហើយនិងបានធ្វើឲ្យដែនដីបិទច្រកមួយនេះ ធ្លាក់ក្នុងវិបត្តិមនុស្សធម៌ និងក្លាយជាកម្ទេចកម្ទី ៕