អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshimasa Hayashi និយានៅថ្ងៃពុធនេះថា ប្រទេសរបស់លោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការដង្ហែរក្បួនព្យុហយាត្រាធំបំផុតពុំធ្លាប់មានរបស់ចិន ជាការប្រារព្ធខួប ៨០ឆ្នាំនៃការបញ្ចប់សង្រ្គាមលោកលើកទី ២ ។
ស្របពេលដែលលោក Hayashi និយាយថា ជប៉ុនពុំស្ថិតក្នុងគោលជំហរត្រូវធ្វើសេចក្តីអត្ថាធិប្បាយលើគោលបំណងរបស់ចិនក្នុងការរៀបចំពិធីដង្ហែរក្បួនមួយនេះ លោកបានថ្លែងថា ជប៉ុន និងចិនបានបញ្ជាក់លើការអភិវឌ្ឍទំនាក់ទំនងប្រកបដោយផលប្រយោជន៍គ្នាទៅវិញទៅមក ប្រកបដោយលក្ខណៈស្ថាបនា និងប្រកបដោយស្ថិរភាព ។
ពិធីដង្ហែរក្បួនព្យុហយាត្រានេះ ពុំត្រូវបានចូលរួមនោះទេដោយក្រុមមេដឹកនាំលោកខាងលិច ក្នុងនោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គឺជាភ្ញៀវកិត្តិយសសំខាន់ ។
ប្រធានាធិបតីចិនលោក Xi Jinping ចាត់ទុកសង្រ្គាមលោកលើកទី ២ថាជាចំណុចរបត់ដ៏សំខាន់ នៃការរស់ឡើងវិញដ៏អស្ចារ្យរបស់ជាតិចិន ដែលបានយកឈ្នះភាពអាម៉ាស់នៃការឈ្លានពានរបស់ជប៉ុនដើម្បីក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច ៕