ក្រុមវេជ្ជសាស្រ្ត នាំគ្នាមើលថែជនរងគ្រោះបន្ថែមទៀត ដែលត្រូវបានជួយសង្រ្គោះកាលពីថ្ងៃអង្គារ បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃអាទិត្យនៅភូមិ Andarlachak ស្ថិតក្នុងខេត្ត Kunar របស់ប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលចំនួនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយមួយនេះ កើនឡើងជាង ១.៤០០នាក់ ។
ក្រុមជួយសង្រ្គោះ បានធ្វើដំណើរទៅដល់ភូមិដាច់ស្រយាល ដោយបានជំនះការលំបាកជាច្រើនរួមទាំងលក្ខណៈភូមិសាស្រ្តដែលរារាំងកិច្ចខិតខំជួយសង្រ្គោះរបស់ក្រុមការងារ ពេលដែលពួកគេទាញអ្នករងរបួស និងជួយព្យាបាលពួកគេ ។
ក្រុមមន្រ្តីនិយាយថា ភូមិចំនួន ៣នៅខេត្ត Kunar បានរាបដល់ដី បណ្តាលឲ្យមនុស្សជាង ៦០០នាក់ស្លាប់ ។ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន និយាយថា ជើងហោះហើរ ៤០វ៉ុល បានជម្លៀសជនរងគ្រោះ ៤២០នាក់ ពេលដែលក្រុមជួយសង្រ្គោះនាំពួកគេចេញពីភូមិរងការខូចខាតខ្លាំងជាងគេ ទៅកាន់ភូមិដាច់ស្រយោលជាងនេះ ។
ការរញ្ជួយដីមួយទៀតកម្រិត ៥,៥រ៉ិចទ័រ បានវាយប្រហារតំបន់ភាគអាគ្នេយ៍អាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ បង្កក្តីបារម្ភដល់ការខូចខាតបន្ថែមទៀត ហើយនិងការបំផ្លិចបំផ្លាញ រយៈពេលជិត ២ថ្ងៃ ក្រោយការញ្ជួយខ្លាំងជាងនេះ វាយប្រហារតំបន់តែមួយ ។
លោក Safiullah Noorzai ដែលធ្វើជាមួយអង្គការមនុស្សធម៌ Aseel និយាយថា រលករញ្ជួយនាំឲ្យមានភាពតក់ស្លុត ហើយនិងបញ្ឈប់កិច្ចខិតខំជួយសង្រ្គោះ ពេលដែលវាធ្វើឲ្យថ្មរអិលធ្លាក់ពីលើភ្នំ កាត់ផ្តាច់ផ្លូវ និងធ្វើឲ្យកាន់តែគ្រោះថ្នាក់ ក្នុងការជីកកកាយគំនរបាក់បែក ។
លោក Noorzai ដែលអង្គការរបស់លោកបញ្ជូនក្រុមជួយសង្រ្គោះទៅកាន់តំបន់ភ្នំនោះ និយាយទៀតថា មនុស្សជាច្រើនទៀត បានរងរបួស ធ្វើឲ្យមានក្តីបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងខ្ពស់ជាងនេះ ។
លោក Zabihullah Mujahid គឺជាអ្នកនាំពាក្យរដ្ឋបាលតាលីបង់ និយាយា មកទល់នឹងពេលនេះ មនុស្សយ៉ាងហោច ១.៤១១នាក់ បានស្លាប់ មនុស្ស ៣.១២៤នាក់ បានរងរបួស ហើយផ្ទះសម្បែងប្រជាពលរដ្ឋជាង ៥.៤០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ ៕