កោះកុង៖ អ្នកភូមិជីត្រេះ ក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានឱ្យដឹងថា ពួកគេអាចមានចំណូលសមរម្យស្ទើរតែរាល់ថ្ងៃ មិនដាច់នោះឡើយពីផលដាំណាំកសិកម្ម និងត្រី ដែលពួកគេបានដាំ និងចិញ្ចឹមតាមបែបបច្ចេកទេស ដោយចិត្តអំណត់ឧស្សហ៍ព្យាយាម។
ជាប្រចាំថ្ងៃយ៉ាងហោចណាស់អ្នកភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង អាចរកចំណូលបានពី ១០ម៉ឺនរៀលឡើងទៅដែរ ពីការលក់បន្លែ និងចិញ្ចឹមត្រីអណ្តែង សម្រាប់ផ្គត់ផ្គង់ជីវភាព រស់នៅក្នុងគ្រួសារ ទៅតាមទំហំផ្ទៃដី ដែលមានដែលការងារនេះ បានជំនួសការចូលព្រៃរកអនុផលព្រៃឈើ ដែលជួបការលំបាកប្រឈមគ្រោះថ្នាក់។
កសិករ បានឱ្យដឹងថា ប្រាក់ចំណូលជាប្រចាំថ្ងៃឥតដាច់នេះកើតឡើងដោយសារចំណេះដឹង លើផ្នែកបច្ចេកទេសដាំដុះដំណាំកសិកម្ម ដែលផ្ដល់ដោយអង្គការ និងមន្ត្រីកសិកម្ម និងធនធានធម្មជាតិ ស្រុក។
បច្ចុប្បន្ន អ្នកភូមិជីត្រេះ កំពុងប្រមូលផលតាសក់ ដែលអាចលក់បានក្នុង ១គីឡូក្រាម ២៥០០ ទៅ៣០០០រៀល ខាត់ណា ១គីឡូក្រាម ៨០០០រៀល សណ្តែងកួរ ១គីឡូក្រាម ២៥០០ ទៅ៣០០០រៀល រីឯត្រីអណ្តែងវិញ អាចលក់បាន១គីឡូក្រាម ថ្លៃ៧០០០រៀលឡើងទៅ។
លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបូទុម សាគរ បានឱ្យដឹងថា គម្រោងបណ្តុំកសិកម្មសហគមន៍នេះ ធ្វើឡើងដើម្បីផ្តល់ឱកាសដល់កសិករ ឱ្យមាន ចំណេះដឹងបច្ចេកទេសកសិកម្ម ដែលអាចទាញយកប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ។
លោក នាង ពិសិដ្ឋ បានឱ្យដឹងទៀថា ក្នុងចំណោមឃុំសំខាន់ក្នុងស្រុកបូទុមសាគរ មានតែឃុំ កណ្តោល និងឃុំអណ្តូងទឹកទេ ដែលមានកសិករទទួលជោគជ័យល្អ តាមរយៈកិច្ចប្រឹងប្រែងបង្កបង្កើនផល របស់ពួកគេ ចំណែកឯកសិករផ្សេងៗទៀត នៅមិនទាន់ប្រមូលផលល្អនៅឡើយទេ ដោយសារតែការមិន ឧស្សហ៍ព្យាយាមយកចិត្តទុកដាក់លើការដំដុះ។
ប្រសិនបើប្រជាកសិករណា ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើមុខរបរមួយនេះ គឺពួកគេនឹងទទួលបានផលច្រើននិងមានទីផ្សារល្អ៕អត្ថបទ៖ ឈឹម មករា



