នៅថ្ងៃពុធនេះ ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការខូចខាតច្រើននៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ។
ទីភ្នាក់ងារឧតុនិយមជាតិ រាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសឥណ្ឌាទំនងជាមានភ្លៀងធ្លាក់លើសកម្រិតមធ្យមក្នុងខែកញ្ញានេះ ក្រោយទទួលបានទឹកភ្លៀងពីលើកម្រិតធម្មតាចំនួន ៥ភាគរយកាលពីខែសីហា ។
នៅទីក្រុង Kullu ស្ថិតក្នុងរដ្ឋ Himachal Pradesh មនុស្ស ២នាក់ សង្ស័យជាប់ខ្លួន ក្រោយបំណាក់ដីបាក់សង្កត់លើផ្ទះរបស់ពួកគេកាលពីយប់ថ្ងៃអង្គារ ។
បុគ្គលិកកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិនៅកន្លែងកើតហេតុ និយាយថា ប្រតិបត្តិការជួយសង្រ្គោះ ត្រូវបានផ្អាក ដោយសារស្ថានភាពអាកាសធាតុពុំអំណោយផល ។
ខណៈពេលនោះដែរ ទឹកទន្លេ Chenabស្ថិតក្នុងដែនដីចាមមូ និងកាស្មៀ បានប្រៀបច្រាំង ធ្វើឲ្យជន់លិចប្រាសាទនៅជុំវិញ ។
សូមបញ្ជាក់ថា រដូវវស្សាដែលមានភ្លៀងធ្លាក់ប្រហែល ៧៥ភាគនៃកម្រិតទឹកភ្លៀងប្រចាំឆ្នាំនៅប្រទេសឥណ្ឌា សំខាន់ចាំបាច់ខ្លាំង ពេលដែលជិតពាក់កណ្តាលនៃដីកសិកម្មនៅក្នុងប្រទេសមួយនេះ ពុំមានប្រព័ន្ធស្រោចស្រព ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងហួសប្រមាណ បណ្តាលឲ្យកើតមានទឹកជំនន់ និងបំណាក់ដីស្លាប់មនុស្សញឹកញាប់ផងដែរ ៕