នៅថ្ងៃពុធនេះ ស្រ្តីរាប់រយនាក់ស្លៀកពាក់ពណ៌ផ្កាឈូក បានចូលរួមបាតុកម្មនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រឆាំងនឹងផលប្រយោជន៍របស់ក្រុមតំណាងរាស្រ្ត និងអំពើឃោឃៅរបស់នគរបាល ដោយពួកគេគ្រវីអំបោសជានិមិត្តសញ្ញានៃការអំពាវនាវឲ្យមានកំណែទម្រង់របស់ពួកគេ ។
ស្រ្តីទាំងនេះ នាំគ្នាកាន់បដាសរសេរពាក្យស្លោក “ឈប់សម្លាប់កូនៗរបស់ពួកយើង” និង “ពលរដ្ឋគួរតែឮ មិនសម្លាប់នោះទេ” ក៏ដូចជាអំបោសដែលក្រុមរៀបចំបាតុកម្មសម្ព័ន្ធស្រ្តីឥណ្ឌូនេស៊ី និយាយថា វាជានិមិត្តសញ្ញានៃតម្រូវការបោសសម្អាតភាពស្មោកគ្រោករបស់រដ្ឋ និងការគាបសង្កត់របស់កងកម្លាំងសន្តិសុខ ។
អ្នកស្រី Mutiara Ika Pratiwi វ័យ ៣៨ឆ្នាំដែលជាអ្នកសម្របសម្រួលបាតុកម្មនេះ និយាយថា ពួកយើងចង់ឲ្យឮសំឡេងរបស់ពួកយើង ។
អ្នកស្រីបន្តថា គោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាល បានរុញច្រានឲ្យពលរដ្ឋគ្មានការងារធ្វើ អំពើហិង្សា និងការរើសអើងជាតិសាសន៍ បង្កឲ្យមានកំហឹង និងការខឹងសម្បារ ។
បាតុកម្មដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន បានធ្វើឲ្យរង្គោះរង្គើរដល់ប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទី ៣របស់ពិភពលោកមួយនេះ ក្នុងនោះបាតុកម្មកើនឡើងនៅទូទាំងប្រទេស ក្រោយរថយន្តនគរបាលបើកបុកសម្លាប់អ្នករត់ម៉ូតូឌុបម្នាក់ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។
ក្រុមសិទ្ធិមនុស្សនិយាយថា មនុស្ស ១០នាក់ បានស្លាប់នៅក្នុងបាតុកម្មនេះ ដែលបង្កឲ្យកើតមានករណីចោរកម្ម និងអំពើកុបកម្ម ៕