នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ឲ្យបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ក្រោយចូលរួមកិច្ចប្រជុំជាមួយរូបលោកនៅទីក្រុងប៉េកាំង ។ នេះបើយោងតាមការចុះផ្សាយវីដេអូរបស់វិមានក្រឹមឡាំង ។
បន្ទាប់ពីជំនួបរយៈពេល ២ម៉ោងកន្លះ លោក Kimបានឱបលោក Putin និយាយលាគាត់ ដោយពោលពាក្យជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ ។ លោក Putin ឆ្លើយតបវិញថា ពួកយើងនឹងរង់ចាំអ្នកមកលេងពួកយើង ។
នៅពេលមុននេះ លោក Kimបានសន្យាការគាំទ្រយ៉ាងពេញទំហឹងរបស់លោកដល់លោក Putin ដោយលោកនិយាយថា លោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់តាមដែលលោកអាចធ្វើបាន ដើម្បីជួយទីក្រុងម៉ូស្គូ ខណៈប្រធានាធិបតីរុស្ស៊ីបានថ្លែងអំណរគុណទីក្រុងព្យុងយ៉ាង សម្រាប់ការបញ្ជូនទាហានជួយធ្វើសង្រ្គាមនៅអ៊ុយក្រែន ។
លោក Putinដែលបានចាប់ផ្តើមការលុកលុយពេញបន្ទុកនៅប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បាននិយាយថា ទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាមិត្តភាព ហើយថា យោធារបស់ទីក្រុងព្យុងយ៉ាង បានជួយរំដោះតំបន់ Kursk ពីកងទ័ពអ៊ុយក្រែន ។
គួរឲ្យដឹងថា មេដឹកនាំទាំង ២ បានជួបគ្នាក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធនេះ ខណៈដែលប្រទេសចិន បានប្រារព្ធពិធីព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួន ដែលមិនធ្លាប់មាននៅខួប ៨០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២ នៅទ្វីបអាស៊ី ៕