លោកប្រធានាធិបតី Volodymyr Zelenskyy នឹងជំរុញឲ្យមានសម្ពាធកាន់តែខ្លាំងបន្ថែមទៀតលើទីក្រុងមូស្គូ ខណៈដែលលោកជួបជាមួយសម្ព័ន្ធមិត្ត នៅប្រទេសដាណឺម៉ាក និងបារាំង នាថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន ដោយបានបំផ្លិចបំផ្លាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
មន្ត្រីយោធាក្នុងតំបន់ និងអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាញ់បង្ហោះយានដ្រូនជាង ៥០០គ្រឿង និងមីស៊ីលរាប់សិបគ្រឿង ដោយបានវាយប្រហារចំហេដ្ឋារចនាសម្ព័ន្ធ នៅទីតាំងចំនួន ១៤ នៅទូទាំងប្រទេស និងបណ្ដាលឲ្យកម្មករផ្លូវដែកចំនួន ៤នាក់រងរបួស។
លោក Zelenskyy បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ទាំងនេះគឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការវាយប្រហាររបស់រុស្ស៊ី។ វាគឺគ្រាន់តែដោយសារកង្វះការដាក់សម្ពាធឲ្យបានគ្រប់គ្រាន់ ជាពិសេសលើសេដ្ឋកិច្ចជួយដល់សង្រ្គាមរបស់រុស្ស៊ី ទើបការឈ្លានពាននេះនៅតែបន្តមាន»។
លោកបានបន្តថា៖ «យើងនឹងពិភាក្សាអំពីតម្រូវការ ដើម្បីឲ្យមានវិធានការដាក់សម្ពាធខ្លាំង ជាមួយដៃគូរបស់យើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។
លោក Zelenskyy បានបញ្ជាក់ថា លោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយបណ្ដារដ្ឋអឺរ៉ុបខាងជើង និងបាល់ទិក នៅថ្ងៃពុធនេះ ហើយបន្ទាប់មកគ្រោងធ្វើដំណើរទៅកាន់ប្រទេសបារាំង ជាកន្លែងដែលលោកនឹងជួបជាមួយសម្ព័ន្ធមិត្តសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សា អំពីជំហានបន្ទាប់ នៅក្នុង «សម្ព័ន្ធឆន្ទៈរួម» ដែលបានសន្យាថា នឹងជួយអ៊ុយក្រែន៕