បេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចាប់ផ្តើមការងារនៅក្នុងប្រទេសអ៊ុយក្រែន នាថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ ខណៈដែលទីក្រុងគីវ ស្វែងរកមូលនិធិ ដើម្បីបិទចន្លោះប្រហោងផ្នែកថវិកាសម័យសង្គ្រាមរបស់ខ្លួន នៅឆ្នាំក្រោយ។
ការចំណាយរបស់ទីក្រុងគីវលើកងទ័ព កំពុងបន្តកើនឡើង ខណៈដែលសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនបន្តអូសបន្លាយ ហើយចន្លោះប្រហោងផ្នែកហិរញ្ញវត្ថុ កំពុងមានកាន់តែធំទៅៗ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Serhiy Marchenko បានឲ្យដឹងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ការផ្តោតរបស់យើង គឺថវិកាឆ្នាំ២០២៦ ការព្យាករសារពើពន្ធ កំណែទម្រង់រចនាសម្ព័ន្ធ។ យើងត្រូវធ្វើឲ្យស្របតាមកិច្ចសហប្រតិបត្តិការជំហានបន្ទាប់ ដោយគិតគូរពីតម្រូវការថវិការដ្ឋ សម្រាប់ប៉ុន្មានឆ្នាំខាងមុខ»។
រដ្ឋាភិបាលមិនទាន់បង្ហាញសេចក្តីព្រាងថវិការបស់ខ្លួននៅឡើយទេ សម្រាប់ឆ្នាំក្រោយ។ ឱនភាពថវិកា ក្នុងឆ្នាំនេះ ត្រូវបានគ្រោងទុកប្រហែល ៣៨ពាន់លានដុល្លារ។
ទេសាភិបាលធនាគារកណ្តាល លោក Andriy Pyshnyi បាននិយាយថា ប្រមាណត្រឹមតែ ១ភាគ៣ នៃទឹកប្រាក់ត្រូវការចំនួន ៦៥ពាន់លានដុល្លារ សម្រាប់ទាំងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ត្រូវបានសន្យាផ្ដល់ឲ្យ ដោយការពិភាក្សាកំពុងដំណើរការលើអ្វីដែលនៅសល់។
បើយោងតាមទិន្នន័យផ្លូវការ បានបង្ហាញថា បច្ចុប្បន្ន អ៊ុយក្រែនមានកម្មវិធីខ្ចីប្រាក់រយៈពេល ៤ឆ្នាំដែលមានទឹកប្រាក់ ១៥,៥ពាន់លានដុល្លារ ជាមួយ IMF ហើយបានទទួលប្រាក់ចំនួន ១០,៦ពាន់លានដុល្លាររួចហើយ នៅក្រោមកម្មវិធីបន្ធូរបន្ថយផ្ដល់មូលនិធិបន្ថែម។ មន្ត្រីអ៊ុយក្រែនបានប្រាប់ថា ទីក្រុងគីវចង់ចាប់ផ្តើមការចរចាលើកម្មវិធីថ្មីមួយជាមួយ IMF៕