គណៈកម្មាធិការអង្គការសហប្រជាជាតិ(UN)និយាយនៅថ្ងៃពុធនេះថា កុមារយ៉ាងហោច ២១.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សា មានពិការភាព ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
គណៈកម្មាធិការសិទ្ធិមនុស្សមានពិការភាពរបស់ UN និយាយថា កុមារប្រហែល ៤០.៥០០នាក់ បានរងរបួសពាក់ព័ន្ធនឹងសង្រ្គាមរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ក្នុងនោះជាងពាក់កណ្តាលនៃពួកគេមានពិការភាព ។
ក្រោយពិនិត្យមើលស្ថានភាពនៅដែនដីប៉ាឡេស្ទីនមួយនេះ ពួកគេនិយាយថា ការបញ្ជាឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល អំឡុងការវាយប្រហាររបស់កងទ័ពនៅតំបន់ហ្កាហ្សា តែងតែពុំទៅដល់ពលរដ្ឋហ្កាហ្សានោះទេ ជាហេតុធ្វើឲ្យពួកគេមិនបានជម្លៀសខ្លួន ។
ពួកគេបន្តថា របាយការណ៍បានរៀបរាប់ផងដែរថា មនុស្សមានពិការរភាព ត្រូវបានបង្ខំឲ្យជម្លៀសខ្លួន ទាំងស្ថានភាពពុំសុវត្ថិភាព និងពុំសមរម្យ រួមទាំងលូនឆ្លងកាត់ខ្សាច់ ឬភក់ដោយគ្មានជំនួយបំលាស់ទីនោះទេ ។
ពួកគេបញ្ជាក់នៅក្នុងរបាយការណ៍ថា មនុស្សមានពិការភាពប្រឈមនឹងការអាក់ខានធ្ងន់ធ្ងរក្នុងការជួយ ធ្វើឲ្យពួកគេជាច្រើនគ្មានអាហារ ទឹកស្អាត ឬអនាម័យ និងពឹងពាក់អ្នកដទៃសម្រាប់ការរស់រានរបស់ពួកគេ ៕