រដ្ឋមន្ត្រីការពារជាតិឆេក លោកស្រី Jana Cernochova បាននិយាយថា រដ្ឋាភិបាលឆេក នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ បានផ្តល់ការយល់ព្រមលើផែនការកងទ័ព ក្នុងការទិញរថក្រោះ Leopard 2A8 ពីប្រទេសអាល្លឺម៉ង់ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងធ្វើទំនើបកម្មរបស់ខ្លួន។
លោកស្រី Cernochova បាននិយាយថា សាធារណរដ្ឋឆេកដែលជាប្រទេសសមាជិកអង្គការណាតូ (NATO) នឹងយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយក្រសួងការពារជាតិអាល្លឺម៉ង់ សម្រាប់ការទិញនេះ។ លោកស្រីបានបន្តថា ការបញ្ជាទិញអាចត្រូវបានបញ្ជូនទៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។
នៅដំណាក់កាលទី១ ប្រទេសនេះនឹងទិញរថក្រោះចំនួន ៤៤គ្រឿង ក្នុងតម្លៃ ៣៤,២ពាន់លានក្រូណា (១,៦៣ពាន់លានដុល្លារ) ដើម្បីចែកចាយនៅឆ្នាំ ២០២៨-២០៣១ ដោយមានជម្រើសទិញ ១៤គ្រឿងបន្ថែមទៀត។ រដ្ឋាភិបាលក៏កំពុងស្ថិតក្នុងការពិភាក្សាផងដែរ ដើម្បីទិញរហូតដល់ ១៩គ្រឿងនូវរថក្រោះ 2A8 ជំនាន់ពិសេស ក្រោមកិច្ចព្រមព្រៀងដាច់ដោយឡែក ដើម្បីឲ្យកងទ័ពមានរថក្រោះ 2A8 រហូតដល់ ៧៧គ្រឿង។
លោកស្រី Cernochova បាននិយាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលថា៖ «រថក្រោះទាំងនេះ គឺជាផ្នែកដ៏សំខាន់នៃកងពលតូចប្រដាប់ដោយអាវុធធុនធ្ងន់»។ លោកស្រីបានបន្ថែមថា ប្រទេសកំពុងបំពេញតាមការប្ដេជ្ញាចិត្តរបស់អង្គការណាតូជាមួយនឹងការទិញនេះ។
គួរបញ្ជាក់ថា សាធារណរដ្ឋឆេកបាននិងកំពុងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ជាមួយនឹងឧបករណ៍លោកខាងលិចថ្មី ក្នុងនោះរួមមានទាំងការទិញឧទ្ធម្ភាគចក្រ និងរ៉ាដា ហើយកំពុងបញ្ជាទិញរថយន្តប្រយុទ្ធ និងយន្តហោះចម្បាំង F-35 ខណៈដែលប្រទេសនេះបង្កើនការចំណាយលើវិស័យការពារជាតិ ក្រោយមានសង្រ្គាមនៅអ៊ុយក្រែន៕