នៅទីក្រុងហ្កាហ្សា ថ្នាក់រៀនបណ្តោះអាសន្នស្ថិតនៅក្នុងសំពត់តង់ បានក្លាយជាជម្រើសតែមួយគត់សម្រាប់កុមារជម្លៀសខ្លួន ដើម្បីចាប់ផ្តើមឆ្នាំសិក្សាថ្មីរបស់ពួកគេ ។
គ្រូបង្រៀនប៉ាឡេស្ទីនដែលធ្លាប់បង្រៀនសិស្សនៅតាមសាលារៀន បច្ចុប្បន្នស្ម័គ្រចិត្តបង្រៀនសិស្សដោយឥតគិតថ្លៃ ដើម្បីបន្តការអប់រំនៅដែនដីបិទច្រកមួយនេះដែលញាំញីដោយសារភ្លើងសង្រ្គាមអស់រយៈពេលជិត ២ឆ្នាំមកហើយ ។
លោកសាស្រ្តាចារ្យ Ibtisam Hassan ដែលជាអ្នកចាត់ការនៅសាកលវិទ្យាល័យអ៊ិស្លាម និយាយថា ពួកយើងសង្ឃឹមថា ដូចគ្នានឹងប្រទេសអារ៉ាប់ដទៃទៀតដែរ និងនៅលើពិភពលោក ពួកយើងចាប់ផ្តើមសាលារៀន និងថ្នាក់រៀនរបស់ពួកយើងនៅថ្ងៃនេះ ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ និយាយថា យោងតាមការវាយតម្លៃដោយផ្អែកលើរូបភាពផ្កាយរណបកាលពីខែកក្កដាកន្លងទៅ បង្ហាញថា អគារអប់រំចំនួន ៩៧ភាគរយនៅតំបន់ហ្កាហ្សា បានរងការខូចខាត ក្នុងនោះ អគារ ៩១ភាគរយ ត្រូវការស្តា ឬកសាងឡើងវិញទាំងស្រុង ដើម្បីអាចដំណើរការម្តងទៀតបាន ។
យោងតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងអប់រំប៉ាឡេស្ទីនលោក Amjad Barham បានឲ្យដឹងថា សាលារៀន ២៩៣កន្លែង ក្នុងចំណោមសាលារៀន ៣០៧កន្លែងនៅតំបន់ហ្កាហ្សា ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ឬដោយអន្លើ ។
អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស និងក្រុមជីវពលផ្សេងទៀតថា បានសម្ងំលាក់ខ្លួនជាប្រព័ន្ធនៅតំបន់រស់នៅរបស់អ្នកស្រុក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួមទាំងសាលារៀនផងដែរ និងប្រើប្រាស់ជនស៊ីវិលជាខែលមនុស្ស ដើម្បីការពារខ្លួន ។ ក្រុមហាម៉ាស បានច្រានចោលការចោទប្រកាន់មួយនេះ ហើយនិងបានចោទប្រកាន់អ៊ីស្រាអែលថា បានបើកការវាយប្រហារដោយរើសអើងជាតិសាសន៍លើជនប៉ាឡេស្ទីន ។
ទាហានបម្រុងរាប់ម៉ឺននាក់ បានចាប់ផ្តើមតួនាទីរបស់ពួកគេកាលពីថ្ងៃអង្គារ សម្រាប់ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល ក្នុងការរឹបអូសយកទីក្រុងហ្កាហ្សា ដែលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ចង់ពន្លឿនការវាយលុកមួយនេះ បើទោះបីជាមានការព្រមានពីមន្រ្តីជាន់ខ្ពស់ក៏ដោយ ។
ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីននិយាយថា ការវាយប្រហារតាមច្រកអាកាសបន្ថែមទៀតរបស់អ៊ីស្រាអែល និងការផ្លោងគ្រាប់កាំភ្លើងធំ នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់មនុស្សយ៉ាងហោច ១០០នាក់ កាលពីថ្ងៃអង្គារ ក្នុងនោះមនុស្ស ៣៥នាក់ បានស្លាប់នៅទីក្រុងហ្កាហ្សា ៕