ត្បូងឃ្មុំ៖ កុំព្យូទ័រយួរដៃចំនួន៥៤គ្រឿង ព្រមទាំងថវិកាជារង្វាន់ដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនសិស្សានុសិស្សប្រលងជាប់និទ្ទេសA ទាំង៥៤នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល បើទោះបីជាស្ថិតក្នុងការលំបាកសិក្សារៀនសូត្រ ក្នុងបរិបទកូវីដ១៩ក្តី។
នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានចែកថវិកា ដល់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ជាការអរគុណដែលខិតខំបង្ហាត់បង្រៀនអប់រំទូន្មានណែនាំរហូតក្មួយៗ ទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរក្មួយៗទាំង៥៤រូប និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្សពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏សាកសមបំផុត មានទាំងចំណេះដឹងខ្ពង់ខ្ពស់ បុគ្គលិកលក្ខណៈល្អឥតខ្ចោះមានសុជីវធម៌ គុណធម៌ និងប្រជាប្រិយភាពគ្រប់ស្រទាប់វណ្ណៈនៃពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា យុវជនសម័យតេជោ ពិតជាមានសំណាង ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្ស យកសម្ភារៈសិក្សា និងថវិកាដែលផ្តល់ជូន ទៅប្រើប្រាស់ឲ្យចំគោលដៅ ខិតខំប្រឹងប្រែងរៀនសូត្របន្ត នាថ្នាក់ឧត្តមសិក្សា ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យ នាជំនាន់ក្រោយៗទៀត៕






