ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹង "គាំទ្រយ៉ាងពេញទំហឹង" ដល់កងទ័ពរុស្ស៊ី ដោយចាត់ទុកជា "កាតព្វកិច្ចបងប្អូន" ហើយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានសាទរទំនាក់ទំនងរបស់ប្រទេសទាំងពីរថា "ពិសេស" នៅក្នុងកិច្ចពិភាក្សាភាពជាដៃគូរវាងភាគីទាំងពីរ។

លោក Kim និងលោក Putin បានជួបពិភាក្សាគ្នាកាលពីថ្ងៃពុធ ខាងក្រៅពិធីក្នុងទិវាជ័យជម្នះរបស់ចិន នៅទីក្រុងប៉េកាំង។ មេដឹកនាំទាំងពីរដើរអមលោកប្រធានាធិបតីចិន Xi Jinping ក្នុងក្បួនដង្ហែយោធាដ៏ធំមួយ ក្នុងការជួបជុំបែបនេះជាលើកដំបូងរបស់មេដឹកនាំទាំងបី ចាប់តាំងពីដើមសង្គ្រាមត្រជាក់មក។
រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បង្ហាញឱ្យឃើញលោក Kim ឈរ ឬដើរក្បែរលោក Putin និងលោក Xi ដោយស្នាមញញឹម។ KCNA និយាយថា "សមមិត្ត Kim Jong Un និងប្រធានាធិបតី Putin បានផ្លាស់ប្តូរយោបល់ដោយស្មោះត្រង់លើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ"។
KCNA បន្ថែមថា លោក Putin "កោតសរសើរ" យ៉ាងខ្លាំងចំពោះទាហានកូរ៉េខាងជើង ដែលប្រយុទ្ធទល់នឹងអ៊ុយក្រែន ហើយបាននិយាយថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរគឺ "ពិសេសខ្លាំងលើជំនឿទុកចិត្តគ្នា មិត្តភាព និងសម្ព័ន្ធភាព"។ សេចក្ដីរាយការណ៍បន្តទៀតថា លោក Kim និងលោក Putin បានពិភាក្សាលម្អិតពីផែនការរយៈពេលវែងសម្រាប់ភាពជាដៃគូ និងបានអះអាងជាថ្មីនូវ "ឆន្ទៈដ៏ខ្ជាប់ខ្ជួន" ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់កម្រិតខ្ពស់មួយ៕


