ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃពុធ (៣ កញ្ញា) បានអំពាវនាវឱ្យមានសម្ពាធកាន់តែខ្លាំងបន្ថែមទៀតលើរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុប ដែលលោកសង្ឃឹមថា នឹងរកបានផែនការធានាសន្តិសុខសម្រាប់ទីក្រុងគីវ ខណៈកងកម្លាំងរុស្ស៊ី បើកការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយផ្សេងទៀតលើអ៊ុយក្រែន ដោយយានដ្រូនរាប់រយគ្រឿង។

នៅថ្ងៃពុធនោះ រុស្សីបាញ់ស្រោចដ្រូនជាង ៥០០គ្រឿង និងមីស៊ីលរាប់សិបគ្រាប់ដាក់ទូទាំងអ៊ុយក្រែន ដោយវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលនៅ ១៤ទីតាំង និងបណ្តាលឱ្យមនុស្សជាច្រើនរងរបួស និងការមួយចំនួនស្លាប់កើតឡើងនៅទីប្រជុំជនជួរមុខ។
មិនយូរប៉ុន្មានមុនពេលទៅដល់ប្រទេសដាណឺម៉ាក ដើម្បីពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុបខាងជើង និងបាល់ទិក លោក Zelenskiy បាននិយាយលើកម្មវិធីតេលេក្រាមថា «ទាំងនេះជាការវាយប្រហាររបស់រុស្ស៊ីយ៉ាងច្បាស់ ដោយសារតែពុំមានសម្ពាធគ្រប់គ្រាន់ ជាចម្បងលើសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី ទើបសកម្មភាពយោធាបែបនេះនៅអាចបន្តបាន»។ ក្នុងសន្និសីទសារព័ត៌មាននៅដាណឺម៉ាក លោក Zelenskiy បានអំពាវនាវឱ្យសម្ព័ន្ធមិត្តផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដោយចោទរុស្ស៊ី ថាបដិសេធរាល់ការប៉ុនប៉ងបញ្ចប់សង្រ្គាម ហើយចង់បន្តការប្រយុទ្ធ។
រហូតមកដល់ពេលនេះ រុស្ស៊ីបានបង្ហាញចំណាប់អារម្មណ៍តិចតួចណាស់ក្នុងការបញ្ចប់សង្គ្រាម ដោយលោកប្រធានាធិបតី Vladimir Putin បានប្រកាន់ខ្ជាប់នូវការទាមទារអតិបរិមារបស់លោក ដែលឱ្យអ៊ុយក្រែន ទទួលស្គាល់ការពិតនៃទឹកដីដែលរុស្ស៊ីដណ្ដើមបាន; ប្រគល់ទឹកដីបន្ថែមទៀត; រំសាយអាវុធជាអចិន្ត្រៃយ៍; និងបោះបង់ការចូលរួមសម្ព័ន្ធភាពណាមួយនាពេលអនាគត៕


