ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (៣ កញ្ញា) ថា កងទ័ពរបស់ខ្លួនបានវាយដណ្តើមបាន «ប្រហែលពាក់កណ្តាល» នៃទីក្រុង Kupiansk ក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន ប៉ុន្តែយោធាអ៊ុយក្រែន បានបដិសេធយ៉ាងដាច់ខាតចំពោះការវាយរុលទៅមុខបែបនេះ។ ពុំអាចមានការបញ្ជាក់ជាឯករាជ្យបានឡើយចំពោះរបាយការណ៍សមរភូមិបែបនេះរវាងភាគីជម្លោះទាំងពីរ។

ក្រុង Kupiansk គឺជាចំណុចផ្តោតនៃការបង្កើនសកម្មភាពយោធារបស់រុស្ស៊ី ជាច្រើនខែមកហើយ និងជាចំណុចប្រយុទ្ធគ្នាដ៏ខ្លាំងក្លា។ កងទ័ពរុស្ស៊ី ធ្លាប់ដណ្តើមបានទីក្រុងនេះនៅប៉ុន្មានសប្តាហ៍ដំបូងនៃប្រតិបត្តិការយោធាពិសេសខែកុម្ភៈឆ្នាំ២០២២ របស់ពួកគេ ប៉ុន្តែកងកម្លាំងអ៊ុយក្រែន បានវាយដណ្ដើមយកក្រុងនេះមកវិញនៅចុងឆ្នាំដដែលនោះ។
ផ្នែកភាគច្រើននៃទីក្រុង Kupiansk ត្រូវបានបំផ្លាញ ខណៈរុស្ស៊ី ព្យាយាមដណ្តើមយកមកវិញ ជាផ្នែកមួយនៃប្រតិបត្តិការរុសទៅមុខយឺតៗរបស់ខ្លួន ឆ្ពោះទៅទិសខាងលិច តាមបណ្តោយផ្នែកខ្លះនៃជួរមុខប្រវែង ១.០០០គីឡូម៉ែត្រ។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូដ្រូន ដែលអះអាងការវាយដណ្ដើមបាន ដោយបង្ហាញឱ្យឃើញទាហានម្នាក់កាន់ទង់ជាតិរុស្ស៊ី ឈរលើផ្លូវក្នុងទីក្រុងនោះ។ ក្រោយមក កងអង្គភាពទី១០ របស់អ៊ុយក្រែន បានច្រានចោលលើកម្មវិធីផ្ញើសារតេលេក្រាម ដោយហៅរបាយការណ៍រុស្ស៊ី នេះថាជាការឃោសនាដែលបានរៀបចំទុក។
ប្លុកសង្គ្រាម Deepstate ដ៏ពេញនិយមរបស់អ៊ុយក្រែន ដែលប្រើផែនទីប្រភពបើកចំហនៃជម្លោះ បាននិយាយថា វីដេអូដែលមើលឃើញទ័ពរុស្ស៊ីកាន់ទង់ជាតិនោះ បានកើតឡើងនៅជាយក្រុង Kupiansk ភាគខាងត្បូង ជាទីដែលការគ្រប់គ្រង មានភាពមិនច្បាស់លាស់រវាងកងកម្លាំងទាំងសងខាង៕

