ប្រជាពលរដ្ឋអ៊ីស្រាអែល បានសម្រុកធ្វើបាតុកម្មនៅតាមដងផ្លូវនៅទូទាំងប្រទេសជាថ្មីម្ដងទៀត កាលពីថ្ងៃពុធ (៣ កញ្ញា) សម្រាប់ព្រឹត្តិការណ៍អ្វីដែលពួកគេឱ្យឈ្មោះថា «ថ្ងៃនៃការរំខាន» ដើម្បីរិះគន់ប្រឆាំងនឹងការកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ សម្រាប់យុទ្ធនាការវាយលុកថ្មីលើទីក្រុងហ្កាហ្សា ដែលក្រុមអ្នករិះគន់បារម្ភថា អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ចំណាប់ថ្នូរ ដែលនៅក្នុងដៃក្រុមហាម៉ាស។

ក្រុមបាតុករបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងគណៈរដ្ឋមន្ត្រីរបស់លោកថា ខកខានក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបែរជាបង្កើនការវាយលុកទៅលើតំបន់ហ្កាហ្សាជំនួសវិញ។ អ្នកចូលរួមការតវ៉ានៅជិតសភាអ៊ីស្រាអែល ក្នុងទីក្រុងហ្សេរុយសាឡិម បានប្រាប់ទូរទស្សន៍រដ្ឋ Kan របស់អ៊ីស្រាអែលថា "ហ្វូងបាតុករនាំគ្នាចាត់វិធានការខ្លាំងក្លាបែបនេះដើម្បីឱ្យគ្រប់គ្នាចងចាំថា រដ្ឋមិនមែនចេះតែអាចបោះបង់ចោលប្រជាពលរដ្ឋរបស់ខ្លួនបានទេ"។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមបាតុករ និងនគរបាលនៅក្រុងហ្សេរុយសាឡិម ក្នុងបាតុកម្មខាងក្រៅនិវេសនដ្ឋានរបស់លោក Netanyahu។ នៅក្នុងសេចក្តីថ្លែងការណ៍ថតទុកមួយ ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី លោក Netanyahu បានថ្កោលទោសក្រុមបាតុករទាំងនេះ ដោយនិយាយថា ពួកគេដូចជា «កងជីវពលហ្វាស៊ីសនិយម»។
យោធាអ៊ីស្រាអែល IDF បាននិយាយកាលពីខែមុនថា រដ្ឋមន្ត្រីការពារជាតិលោក Israel Katz បានយល់ព្រមលើផែនការពង្រីកប្រតិបត្តិការយោធា ចូលទៅក្នុងទីក្រុងហ្កាហ្សា ហើយថា ទ័ពបម្រុង ៦០.០០០នាក់ នឹងត្រូវបានហៅឱ្យគាំទ្រយុទ្ធនាការនោះ។ អ៊ីស្រាអែលនិយាយថា ទីក្រុងហ្កាហ្សា ដែលជាក្រុងធំជាងគេនៅតំបន់ហ្កាហ្សាស្ទ្រីប នៅតែជាបន្ទាយរបស់ក្រុមហាម៉ាស ហើយថា ក្រុមនេះប្រតិបត្តិការតាមបណ្តាញផ្លូវរូងក្រោមដីដ៏ធំនៅទីនោះ៕

