ប្រមុខនុយក្លេអ៊ែអង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មានប្រាប់រ៉យទ័រថា កិច្ចពិភាក្សារបស់អង្គការឃ្លាំមើលនុយក្លេអ៊ែអង្គការសហប្រជាជាតិជាមួយប្រទេសអ៊ីរ៉ង់ អំពីរបៀបបន្តការត្រួតពិនិត្យនៅរោងចក្រនានារួមទាំងរោងចក្រដែលអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក ដោយជំរុញឱ្យមានកិច្ចព្រមព្រៀងឲ្យបានឆាប់។

ប្រមុខទីភ្នាក់ងារ IAEA លោក Rafael Grossi បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ពុំមានព័ត៌មានណាមួយពីប្រទេសអ៊ីរ៉ង់អំពីស្ថានភាពឬទីកន្លែងលាក់ទុកនៃសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួច ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកលើកដំបូងលើរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសនេះកាលពីថ្ងៃទី១៣ ខែមិថុនា ។
បច្ចុប្បន្នទីក្រុងតេអេរ៉ង់ បានអនុម័តច្បាប់ផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ IAEA និងកំណត់ថា រាល់ការត្រួតពិនិត្យនៅពេលអនាគតណាមួយនឹងត្រូវការភ្លើងខៀវពីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ និងទីភ្នាក់ងារ IAEA ពេលនេះកំពុងពិភាក្សាអំពីរបៀបដែលអធិការកិច្ចអាចដំណើរការទៅមុខបាន។

លោក Grossi បាននិយាយនៅក្នុងបទសម្ភាសន៍នៅឯទីស្នាក់ការកណ្តាលទីភ្នាក់ងារ IAEA នៅទីក្រុងវីយែនថា «ខ្ញុំពិតជាសង្ឃឹមថាយើងអាចបញ្ចប់ដំណើរការនេះក្នុងពេលឆាប់ៗ។ យើងកំពុងព្យាយាមឱ្យមានកិច្ចប្រជុំមួយផ្សេងទៀត ប្រហែលជាក្នុងរយៈពេលពីរបីថ្ងៃទៀតនៅទីនេះនៅទីក្រុងវីយែន ដើម្បីបញ្ចប់រឿងនេះ និងចាប់ផ្តើមការត្រួតពិនិត្យ»។ «វាពិតជាប្រសើរណាស់ ប្រសិនបើយើងអាចមានកិច្ចព្រមព្រៀងគ្នានៅមុនសប្តាហ៍ក្រោយ»។