នៅតំបន់ភ្នំដែលរងគ្រោះដោយរញ្ជួយដីកាលពីយប់ថ្ងៃអាទិត្យ ទី៣១ ខែសីហា អ្នករស់រានមានជីវិតនិយាយថាការរញ្ជួយដីដែលបានកើតឡើងរៀងរាល់ពីរបីនាទីម្តង បានធ្វើឱ្យពួកគេមានការភ័យខ្លាច។
កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា អ្នករស់រានដែលរងរបួសនិងក្រុមគ្រួសារ កំពុងទទួលការព្យាបាលនៅគ្លីនិកចល័ត។ វេជ្ជបណ្ឌិតម្នាក់នៅក្នុងតំបន់បានពន្យល់ថា «មនុស្សភាគច្រើនបានបោះបង់ចោលលំនៅឋាន ហើយកំពុងអង្គុយនៅទីលំហ»។ លោកបាននិយាយថា «វាជាស្ថានភាពដ៏លំបាក»។
ដោយលំនៅឋានត្រូវបានបំផ្លិចបំផ្លាញ រញ្ជួយឥតឈប់ឈរនិងគ្មានទីជំរកសុវត្ថិភាព ក្រុមគ្រួសារជាច្រើននៅតែជួបបញ្ហាប្រឈមនិងភ័យខ្លាច ខណៈពួកគេរង់ចាំជំនួយទៅដល់។
អាហ្វហ្កានីស្ថាន បានទម្លាក់កងកុម្មង់ដូតាមឧទ្ធម្ភាគចក្រកាលពីថ្ងៃពុធដើម្បីទាញយកអ្នកនៅរស់រានមានជីវិតពីគំនរបាក់បែកនៅក្នុងតំបន់ដែលត្រូវបានបំផ្លាញដោយរញ្ជួយដីដែលបានបណ្តាលឲ្យមនុស្សជាង១.៤៥០នាក់ស្លាប់ក្នុងសប្តាហ៍នេះ ខណៈដែលទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថាជំនួយស្បៀងអាហារសម្រាប់ជនរងគ្រោះនឹងអស់ក្នុងពេលឆាប់ៗនេះបើគ្មានការផ្តល់មូលនិធិបន្ទាន់។
កងកម្លាំងកម្មង់ដូរ រាប់សិបនាក់បានទម្លាក់ខ្លួនតាមអាកាសនៅកន្លែងដែលឧទ្ធម្ភាគចក្រមិនអាចចុះចត បានដើម្បីជួយដឹកអ្នករងរបួសទៅកាន់ទីមានសុវតិ្ថភាព ជាអ្វីដែលក្រុមជំនួយបាននិយាយថា គឺជាការធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជួយសង្គ្រោះអ្នកដែលនៅតែជាប់គាំងខ្លួននៅក្រោមគំនរបាក់បែក។