បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង ក្រុមការងាររបស់កូរ៉េខាងជើង បាននាំគ្នាសម្អាតយ៉ាងយកចិត្តទុកដាក់ ដោយជូតវត្ថុគ្រប់យ៉ាងដែលលោក គីម បានប៉ះពាល់ នៅក្នុងអ្វីដែលក្រុមអ្នកវិភាគនិយាយថា ជាផ្នែកនៃវិធានការសន្តិសុខដើម្បីទប់ទល់នឹងចារកម្មបរទេស។

សូម្បីតែការបង្ហាញខ្លួនលក្ខណៈមិត្តភាពរវាងលោក គីម និងលោក ពូទីន ក្នុងខ្សែវីដេអូកាលពីថ្ងៃពុធ (៣ កញ្ញា) ក៏ដោយ ក៏កូរ៉េខាងជើង បានចាត់វិធានការដ៏មិនធម្មតាក្នុងការលុបបំបាត់តម្រុយ ឬដានណាមួយអំពីសុខភាពរបស់លោក គីម ផងដែរ។
អ្នកការសែតវិមានក្រឹមឡាំងម្នាក់ឈ្មោះ Alexander Yunashev បានបង្ហោះវីដេអូលើបណ្ដាញតេលេក្រាម ដែលបង្ហាញឱ្យឃើញថា បុគ្គលិក ២នាក់របស់លោក គីម បានជូតសម្អាតបន្ទប់សណ្ឋាគារក្នុងទីក្រុងប៉េកាំង យ៉ាងហ្មត់ចត់បំផុត ជាទីដែលលោក គីម និងលោក ពូទីន បានជួបគ្នាអស់ជាង ២ម៉ោង។ កៅអីដែលលោក គីម អង្គុយត្រូវដុសខាត់យ៉ាងប្រយ័ត្នប្រយែង ហើយសូម្បីតែតុកាហ្វេនៅក្បែរកៅអីលោក គីម ក៏ត្រូវជូតសម្អាតផងដែរ ចំណែកកែវទឹករបស់លោក គីម ត្រូវបានយកចេញ។
អ្នកយកព័ត៌មានវិមានក្រឹមឡាំងនោះនិយាយថា "បន្ទាប់ពីការចរចាបានបញ្ចប់ បុគ្គលិកដែលអមដំណើរប្រមុខកូរ៉េខាងជើង បានបំផ្លាញនូវរាល់ដាននៃវត្តមានរបស់លោក គីម យ៉ាងប្រុងប្រយ័ត្ន"។
កាសែត Nikkei របស់ជប៉ុន បានរាយការណ៍ដោយដកស្រង់សម្ដីភ្នាក់ងារចារកម្មសម្ងាត់របស់កូរ៉េខាងត្បូង និងជប៉ុនថា អំឡុងដំណើរក្រៅប្រទេសមុនៗ លោក គីម បានដាក់បង្គន់ផ្ទាល់ខ្លួនលើរថភ្លើងពណ៌បៃតង ដែលនាំលោកទៅកាន់ទីក្រុងប៉េកាំង ដើម្បីលាក់តម្រុយសុខភាព។ ក្នុងឆ្នាំ២០១៩ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រុមអង្គរក្សរបស់លោក គីម ត្រូវគេប្រទះឃើញថាបិទជាន់ទាំងមូលនៃបន្ទប់សណ្ឋាគារដែលលោក គីម ស្នាក់នៅ ហើយសម្អាតបន្ទប់នោះអស់ជាច្រើនម៉ោង និងយករបស់របរចេញទាំងអស់ រួមទាំងពូកផងដែរ៕


