គណៈកម្មាធិការអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានកុមារចំនួន២១.000នាក់ នៅក្នុងតំបន់ហ្កាហ្សា ត្រូវធ្វើឲ្យពិការ ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើម នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។
គណៈកម្មាធិការសិទ្ធិរបស់ជនមានពិការភាពនៃអង្គការសហប្រជាជាតិ បាននិយាយថា កុមារប្រហែល ៤០.៥០០ នាក់ បានរងការឈឺចាប់ដោយ«របួសដែលទាក់ទងនឹងសង្គ្រាមថ្មី» ក្នុងរយៈពេលជិត ២ ឆ្នាំចាប់តាំងពីសង្រ្គាម បានផ្ទុះឡើង ដោយជាងពាក់កណ្តាលនៃពួកគេ បានក្លាយជាជនពិការ។
ដោយពិនិត្យមើលស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីន គណៈកម្មាធិការនេះ បានលើកឡើងថា បទបញ្ជាជម្លៀសរបស់អ៊ីស្រាអែល អំឡុងពេលការវាយលុករបស់កងទ័ពនៅតំបន់ហ្កាហ្សា «ជារឿយៗមិនអាចទៅដល់»អ្នកដែលស្តាប់មិនឮ ឬពិការភ្នែក «ដែលធ្វើឲ្យមានការជម្លៀសមិនអាចទៅរួច»។
គណៈកម្មាធិការបានបន្តថា របាយការណ៍ក៏បានពណ៌នាអំពីជនពិការដែលត្រូវបានបង្ខំឲ្យភៀសខ្លួន ក្នុងស្ថានភាពមិនមានសុវត្ថិភាព និងគ្មានសេចក្តីថ្លៃថ្នូរ ដូចជាវារតាមវាលខ្សាច់ ឬវាលភក់ ដោយគ្មានជំនួយដល់ការធ្វើដំណើររបស់ពួកគេនោះទេ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការអង្គការសហប្រជាជាតិនេះ បាននិយាយថា ការរឹតបន្តឹងលើជំនួយមនុស្សធម៌ ដែលត្រូវបាននាំចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កំពុងជះឥទ្ធិពលមិនសមហេតុផលដល់ជនពិការ៕