ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលចាត់ទុកសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសអំពីការត្រៀមខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងថា ជា «ល្បិចឃោសនា» និងទទូចឲ្យមានការរំសាយអាវុធរបស់ក្រុមប៉ាឡេស្ទីន។

ការិយាល័យនាយករដ្ឋមន្ត្រី បានលើកឡើងថា៖«ជាអកុសល នេះគឺជាការផ្លាស់ប្តូរបន្ថែមទៀតដោយក្រុម ហាម៉ាស ដែលមិនមានអ្វីថ្មីនោះទេ។ សង្រ្គាមអាចបញ្ចប់ភ្លាមៗតាមលក្ខខណ្ឌដែលកំណត់ដោយគណៈរដ្ឋមន្ត្រីសន្តិសុខ៖១.ចំណាប់ខ្មាំងទាំងអស់ ត្រូវបានដោះលែង ២. ក្រុមហាម៉ាស ត្រូវបានដកហូតអាវុធ ៣. តំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានដកយោធាចេញឲ្យអស់ ៤.អ៊ីស្រាអែលមានការគ្រប់គ្រងសន្តិសុខ នៅតំបន់ ហ្កាហ្សាស្ទ្រីប។
សេចក្តីថ្លែងការណ៍ បង្ហាញថា៖«មានតែលក្ខខណ្ឌទាំងនេះទេ ដែលនឹងរារាំងក្រុមហាម៉ាសពីការប្រមូលផ្តុំ និងការវិលត្រឡប់ទៅកាន់ការសម្លាប់រង្គាលនៅថ្ងៃទី ០៧ ខែតុលា ម្តងហើយម្តងទៀត ដូចដែលក្រុមនេះ បានសន្យា»។

ក្រុមហាម៉ាសដែលមានមូលដ្ឋាននៅហ្កាហ្សា បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានត្រៀមរួចជាស្រេច ក្នុងការដោះលែងចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយ ជាមួយអ៊ីស្រាអែល៕