បាញ់កាំភ្លើង៖ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីដែលដណ្ដើមបានជ័យលាភីក្នុងការប្រកួតជើងឯកថ្នាក់ជាតិ នឹងត្រូវបានជ្រើសរើសឲ្យជាប់ជម្រើសជាតិឆ្នាំ២០២២ ដើម្បីពង្រឹងការហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ការអះអាងរបស់ប្រមុខថ្នាក់ដឹកនាំសហព័ន្ធនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ២ថ្ងៃនៅទីបញ្ជាដ្ឋានកងទ័ពពិសេសឆ័ត្រយោង ៩១១។ ឯកឧត្តមបានកោតសរសើរចំពោះសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីដែលធ្វើបានយ៉ាងល្អក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ហើយអ្នកទទួលបានជ័យលាភី សហព័ន្ធនឹងធ្វើការពិនិត្យ និងជ្រើសរើសដើម្បីផ្លាស់ប្ដូរបេក្ខភាពជម្រើសជាតិមួយចំនួន សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ឆ្នាំ២០២២ ជាមួយគ្រូជំនាញរបស់សហព័ន្ធដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ក៏ដូចជាការប្រកួតអន្ដរជាតិផ្សេងៗទៀត។
ដោយហេតុនេះ ឯកឧត្តម មៀច សុផាន់ណា បានជំរុញ និងលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីទាំងអស់ ពិសេសអ្នកដណ្ដើមបានជ័យលាភីថ្នាក់ជាតិត្រូវខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យបានខ្លាំង ដើម្បីត្រៀមការប្រកួតប្រជែង និងដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាឆ្នាំ២០២៣។ សូមបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៤៤នាក់។ ចំពោះលទ្ធផលនៃការប្រកួតសម្រាប់វិញ្ញាសាកាំភ្លើងខ្លី ៩មីលីម៉ែត្រ លេខ១ កីឡាករ វុធថា ដាវណ្ណ, លេខ២ កីឡាករ អាន កក្កដា និងលេខ៣ កីឡាករ ថាវវៈ ម៉ារ៉ាឌី។ វិញ្ញាសាកាំភ្លើងវែង ២២ឡុង ៥០ម៉ែត្រ លេខ១ កីឡាករ ប៉ុក សុផាន់ណូ, លេខ២ កីឡាករ ស៊ីម សែន និងលេខ៣ កីឡាករ ឡាង ចាន់ធារ៉ា៕
អត្ថបទ៖ លី ឈុនឡា