មន្ត្រីសុខាភិបាលសាធារណៈជាន់ខ្ពស់របស់អាមេរិក លោក Joseph Ladapo បានប្រកាសនៅថ្ងៃពុធ (៣ កញ្ញា) ថា រដ្ឋ Florida គ្រោងបញ្ចប់អាណត្តិវ៉ាក់សាំងរដ្ឋទាំងអស់ រួមទាំងការតម្រូវឱ្យចាក់វ៉ាក់សាំងបែបនេះសម្រាប់សិស្សានុសិស្ស នៅក្នុងសកម្មភាពមួយដែលអ្នកជំនាញសុខភាពសាធារណៈព្រមានថា អាចបង្កឱ្យមានការផ្ទុះឡើងនៃជំងឺយ៉ាងធ្ងន់ធ្ងរក្នុងចំណោមកុមារ និងអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ។
គួរឱ្យដឹងថា អាណត្តិវ៉ាក់សាំងមានន័យថាជាមធ្យោបាយតម្រូវមួយដើម្បីបង្ខំមនុស្សឱ្យទទួលថ្នាំបង្ការ។ រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក តម្រូវឱ្យសិស្សចាក់វ៉ាក់សាំងជាមុនដើម្បីអាចចូលរៀននៅសាលារដ្ឋបាន ដោយមានករណីលើកលែងជាក់លាក់ផ្សេងៗគ្នាទៅតាមរដ្ឋ។

លោក Ladapo រួមជាមួយនឹងអភិបាលរដ្ឋ Florida លោក Ron DeSantis បានចាត់ទុកបញ្ហានៃការចាក់វ៉ាក់សាំង ថាជាជម្រើសផ្ទាល់ខ្លួនមួយ ដែលមិនគួរត្រូវបង្ខំឡើយ។ នៅក្នុងសន្និសីទសារព័ត៌មាន លោក Ladapo បាននិយាយថា៖ មិនថារដ្ឋាភិបាល ឬនរណាម្នាក់ឡើយ ពុំមានសិទ្ធិប្រាប់ឱ្យធ្វើយ៉ាងណាចំពោះរូបកាយផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗនោះទេ។
លោក Ladapo បន្តថា ទីភ្នាក់ងាររបស់លោក នឹងដកអាណត្តិសម្រាប់វ៉ាក់សាំងមួយចំនួន ដែលស្ថិតនៅក្រោមអំណាចរបស់ខ្លួន ប៉ុន្តែនឹងត្រូវធ្វើការជាមួយនឹងសភានីតិបញ្ញត្តិរដ្ឋ Florida ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ លើកញ្ចប់កំណែទម្រង់ដ៏ទូលំទូលាយបែបនេះ។ អភិបាលរដ្ឋ លោក DeSantis មកពីបក្សសាធារណរដ្ឋ បានដាក់ការប្រឆាំងនឹងអាណត្តិវ៉ាក់សាំងកូវីដ១៩ និងការចាក់ថ្នាំបង្ការ ជាគោលការណ៍សំខាន់នៃអាណត្តិដំបូងរបស់លោកនៅក្នុងតំណែង៕
