បើយោងតាមបណ្ដាអ្នកវិភាគ បានឲ្យដឹងថា ប្រព័ន្ធសព្វាវុធចុងក្រោយបង្អស់ដែលត្រូវបានបង្ហាញនៅឯព្រឹត្តិការណ៍ដើរព្យុហយាត្រាទិវាជ័យម្នះរបស់ប្រទេសចិន បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ទីក្រុងប៉េកាំងលើការការពារបូរណភាពអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់ និងសមត្ថភាពការពារប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដើម្បីផ្ដាច់ខ្លួន។
ទោះបីជាកោះតៃវ៉ាន់មិនត្រូវបានលើកឡើងដោយចំៗ នៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតី Xi Jinping កាលពីថ្ងៃពុធ (ទី៣ ខែកញ្ញា) ក៏ដោយ ក៏វាត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយអ្នកសង្កេតការណ៍យោធា ជាឧបករណ៍ សម្រាប់វាស់វែងសមត្ថភាព និងវឌ្ឍនភាពរបស់កងទ័ពរំដោះប្រជាជន (PLA)។ អាវុធទំនើបៗដែលត្រូវបានបង្ហាញនៅក្នុងព្យុហយាត្រានោះ បានផ្តល់នូវការចង្អុលបង្ហាញយ៉ាងមុតមាំថា PLA កំពុងត្រៀមខ្លួន ដើម្បីប្រឈមនឹងបញ្ហានោះ។ ក្នុងសុន្ទរកថាកាលពីថ្ងៃពុធនោះ លោក Xi បានជំរុញឲ្យ PLA «ពន្លឿនការអភិវឌ្ឍកងកម្លាំងយោធាឲ្យដល់កម្រិតលំដាប់ពិភពលោក ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ ការបង្រួបបង្រួម និងបូរណភាពដែនដី ហើយផ្តល់ការគាំទ្រជាយុទ្ធសាស្រ្ត ដើម្បីសម្រេចបានភាពរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិន»។

ទីក្រុងប៉េចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ចិន ដែលនឹងត្រូវបានបង្រួបបង្រួមដោយកម្លាំង ប្រសិនបើចាំបាច់។ ប្រទេសភាគច្រើន រួមទាំងសហរដ្ឋអាមេរិកផង មិនបានទទួលស្គាល់កោះតៃវ៉ាន់ជារដ្ឋឯករាជ្យនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការប៉ុនប៉ងណាមួយ ក្នុងការក្រសោបយកកោះដែលគ្រប់គ្រងដោយខ្លួនឯង ដោយកម្លាំង ហើយប្តេជ្ញាផ្គត់ផ្គង់អាវុធឲ្យកោះនេះ។ លោក Xi កាលពីថ្ងៃពុធ មិនបានលើកឡើងពីកោះតៃវ៉ាន់ ដូចក្នុងសុន្ទរកថាពីមុនៗ ដែលលោកបាននិយាយអំពី «ការបង្រួបបង្រួមជាតិពេញលេញ» នោះឡើយ។
ប៉ុន្តែបណ្ដាអ្នកវិភាគបាននិយាយថា អាវុធជាច្រើនដែលត្រូវបានបង្ហាញ ជះឥទ្ធិពលយ៉ាងច្បាស់ ចំពោះកោះតៃវ៉ាន់ ជាពិសេសដោយសារទីក្រុងប៉េកាំង បានពណ៌នាព្យុហយាត្រានេះថា ជាការរៀបចំ និងហាត់សមតាមស្តង់ដារត្រៀមប្រយុទ្ធ។ ពួកគេជឿថា ព្យុហយាត្រារំលឹកខួបលើកទី ៨០ នៃជ័យជម្នះរបស់ចិនលើប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ បានបង្ហាញពីជំហរការពាររបស់ទីក្រុងប៉េកាំង ដើម្បីស្វែងរកការរារាំងកោះតៃវ៉ាន់ ក៏ដូចជាការត្រៀមខ្លួន សម្រាប់ប្រតិបត្តិការនាវាចរណ៍ និងអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក៕


