ប្រព័ន្ធផ្សព្វផ្សាយ CBS News នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) នេះ បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកនៅតែប្តេជ្ញាចិត្តបន្តប្រឹងប្រែង ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ទោះបីជាការរំពឹងទុក គឺស្ថិតក្នុងភាពមិនច្បាស់លាស់ ជុំវិញកិច្ចពិភាក្សាទល់មុខ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏ដោយ។

នៅក្នុងបទសម្ភាសន៍តាមទូរសព្ទជាមួយប្រព័ន្ធផ្សព្វផ្សាយ CBS News កាលពីថ្ងៃពុធ លោក Trump បានប្រាប់ថា៖ «ខ្ញុំបានមើលដំណើរការនេះ ខ្ញុំបានឃើញដំណើការនេះ ហើយខ្ញុំបាននិយាយអំពីដំណើរការនេះជាមួយលោកប្រធានាធិបតី Putin និងលោកប្រធានាធិបតី Zelenskyy។ មានអ្វីមួយនឹងកើតឡើង ប៉ុន្តែគ្រប់យ៉ាងមិនទាន់រួចរាល់នៅឡើយទេ ប៉ុន្តែមានអ្វីមួយនឹងកើតឡើងជាមិនខាន។ យើងនឹងធ្វើវាឲ្យរួចរាល់»។
កាលពីថ្ងៃពុធ លោក Trump បាននិយាយថា លោកគ្រោងនឹងធ្វើការពិភាក្សា អំពីសង្រ្គាមនៅអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីជំនួបកំពូល នៅរដ្ឋ Alaska រវាងរូបលោក ជាមួយលោក Putin ក្នុងខែសីហា មិនអាចឈានដល់ការទម្លាយនូវភាពទាល់ច្រកណាមួយ។ ហើយមន្ត្រីសេតវិមាន បានឲ្យដឹងថា លោក Trump ត្រូវបានគេរំពឹងថា នឹងជជែកតាមទូរសព្ទជាមួយលោក Zelenskyy នៅថ្ងៃព្រហស្បតិ៍នេះ។
ចំណែកលោក Putin ក៏បាននិយាយកាលពីថ្ងៃពុធដែរថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយលោក Zelenskyy ប្រសិនបើប្រធានាធិបតីអ៊ុយក្រែនមកទីក្រុងមូស្គូ ប៉ុន្តែថា កិច្ចប្រជុំបែបនេះ ត្រូវតែរៀបចំឲ្យបានល្អ និងនាំឲ្យមានលទ្ធផលជាក់ស្តែង។ តែរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានច្រានចោលការលើកឡើងអំពីក្រុងមូស្គូថា ជាទីកន្លែង សម្រាប់កិច្ចប្រជុំបែបនេះ៕
