គណៈកម្មាធិការនគរបាលជាតិ (Kompolnas) របស់ប្រទេសឥណ្ឌូនេស៊ី បានផ្តល់អនុសាសន៍ឲ្យមានការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ និងការដាក់ទណ្ឌកម្មខាងសីលធម៌ ចំពោះមន្ត្រីកងពលតូចចល័ត (Brimob) ចំនួន ៧រូប ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកដឹកជញ្ជូនឈ្មោះ Affan Kurniawan កាលពីសប្តាហ៍មុន។
អ្នកដឹកជញ្ជូនឈ្មោះ Affan អាយុ ២១ឆ្នាំ ត្រូវបានពារដោយរថយន្តតាក់ទិករបស់ Brimob កាលពីថ្ងៃទី២៨ ខែសីហា ខណៈពេលដែលកំពុងដឹកជញ្ជូន ក្នុងអំឡុងពេលមានការតវ៉ាដោយហិង្សា នៅកណ្តាលទីក្រុងហ្សាការតា។ ជនរងគ្រោះមិនមែនជាផ្នែកនៃការតវ៉ានោះទេ។

គួរបញ្ជាក់ថា ការធ្វើបាតុកម្មបានផ្ទុះឡើងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីថ្ងៃទី២៥ ខែសីហា ខណៈដែលប្រជាពលរដ្ឋប្រឆាំងនឹងការបង្កើនប្រាក់ឧបត្ថម្ភដល់សមាជិកសភា និងជំរុញឲ្យមានកំណែទម្រង់ផ្សេងទៀត។
ចំណាត់ការរបស់ Kompolnas ដែលជាស្ថាប័នឃ្លាំមើលនគរបាលឯករាជ្យ បង្ហាញពីការមានសម្ពាធកាន់តែខ្លាំងឡើងលើនគរបាលជាតិ ជាកិច្ចប្រឹងប្រែងឲ្យមានការទទួលខុសត្រូវ លើសពីវិន័យផ្ទៃក្នុង។ Kompolnas សង្កត់ធ្ងន់ថា ក្រមសីលធម៌ និងនីតិវិធីព្រហ្មទណ្ឌត្រូវតែដំណើរការស្របគ្នា ដើម្បីឆ្លើយតបនឹងការទាមទារយុត្តិធម៌ពីសំណាក់សាធារណជន។
គណៈកម្មាធិការជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការតវ៉ា នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបណ្ដាលឲ្យមនុស្សចំនួន ១០នាក់ស្លាប់ ហើយមានការចាប់ខ្លួនជាង ១.៦៨០នាក់។ តួលេខនេះគឺផ្ទុយគ្នាពីនគរបាលក្រុងហ្សាការតា ដែលបានឲ្យដឹងថា មានមនុស្ស ១.២៤០នាក់ត្រូវបានចាប់ខ្លួន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសាធារណការឥណ្ឌូនេស៊ី លោក Dody Hanggodo បាននិយាយកាលពីថ្ងៃអង្គារថា ការតវ៉ានេះបានបណ្តាលឲ្យមានការខូចខាតជិត ៩០០ពាន់លានរូពី (៥៤,៨លានដុល្លារ)។ នេះរាប់បញ្ចូលទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាអគារតំណាងរាស្រ្តប្រចាំតំបន់ ច្រកទ្វារបង់ប្រាក់ និងចំណតរថយន្តក្រុងជាដើម៕


