ក្រុមស្តាំនិយមជ្រុលរបស់ប្រទេសបារាំង គឺគណបក្ស National Rally (NR) កំពុងកែសម្រួលបញ្ជីបេក្ខជនរបស់ខ្លួនយ៉ាងប្រយ័ត្នប្រយែង ដើម្បីត្រៀមសម្រាប់លទ្ធភាពនៃការបោះឆ្នោតសភាមុនអាណត្តិ ដោយព្យាយាមចៀសវាងនូវអ្វីដែលខ្លួនហៅថា «ការជ្រើសរើសខុស» ដែលនាំឲ្យមាន «បេក្ខជនបង្កបញ្ហា» ច្រើន ពោលគឺជាអ្វីដែលបានរារាំងក្តីសង្ឃឹមរបស់ខ្លួន ក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។
ដោយរដ្ឋាភិបាលកំពុងស្ថិតក្នុងហានិភ័យដួលរលំ គណបក្ស RN កំពុងរំពឹងថា ផ្លូវតែមួយគត់របស់លោកប្រធានាធិបតី Emmanuel Macron ដើម្បីចេញពីវិបត្តិថវិកាចុងក្រោយបង្អស់របស់ប្រទេសបារាំង គឺការរំលាយសភាដែលមានការបែកបាក់យ៉ាងខ្លាំង។

គណបក្ស RN គឺជាគណបក្សសភាធំបំផុតតែមួយ ហើយជឿជាក់ថា នៅទីបំផុត ខ្លួនអាចឈ្នះសំឡេងភាគច្រើនដែលនឹងផ្តល់អំណាចមិនធ្លាប់មានពីមុនដល់ក្រុមស្ដាំនិយមជ្រុល នៅក្នុងប្រទេសមានសេដ្ឋកិច្ចលេខ ២ របស់តំបន់ចាយប្រាក់អឺរ៉ូ។
មានតែលោក Macron ប៉ុណ្ណោះដែលអាចប្រកាសការបោះឆ្នោត ហើយទោះបីជារូបលោកធ្វើបែបនោះក៏ដោយ ក៏ការស្ទង់មតិបានបង្ហាញថា គណបក្ស RN ទំនងជាមិនដំណើរការបានល្អជាងឆ្នាំមុនឡើយ នៅពេលដែលក្រុមប្រឆាំង បានចុះសម្រុងគ្នា ដើម្បីរារាំងគណបក្សនេះកុំឲ្យទទួលបានអំណាច។
ការអត្ថាធិប្បាយប្រឆាំងជនជាតិជ្វីហ្វ ប្រឆាំងឥស្លាម និងការរើសអើងជាតិសាសន៍ ដោយបេក្ខជនរបស់គណបក្ស RN មួយចំនួន ក៏បានរួមចំណែកដល់កង្វះខាតសំឡេងបោះឆ្នោតរបស់បក្ស នៅឆ្នាំ២០២៤ ដែលធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថា ខ្លួនបានផ្លាស់ប្តូរ។ ក្រោយមក អ្នកទាំងនោះត្រូវបានឲ្យឈ្មោះថា «បេក្ខជនបង្កបញ្ហា» ដោយប្រធានគណបក្ស លោក Jordan Bardella ដែលបានស្តីបន្ទោសថា ជា «ការជ្រើសរើសខុស» ក្នុងការដាក់បញ្ចូលឈ្មោះពួកគេ៕
