ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃ ប្រទេសចំនួន៨មកពីអឺរ៉ុបខាងជើងនិងរដ្ឋបាល់ទិកនៅក្នុងប្រទេសដាណឺម៉ាក ជាកន្លែងដែលអ្នកចូលរួមបានរិះគន់ការបរាជ័យរបស់រុស្ស៊ីក្នុងវិធានការសម្រាប់បទឈប់បាញ់ ខណៈប្រទេសទាំងនេះកំពុងសន្យាផ្តល់ជំនួយយោធារបស់ខ្លួនដល់អ៊ុយក្រែន។ លោក Zelenskiy បានជួបសមភាគីរបស់លោកមកពីប្រទេសអឺរ៉ុបខាងជើងចំនួន៥ប្រទេស និងរដ្ឋបាល់ទិកចំនួន៣ប្រទេស កាលពីថ្ងៃពុធ។

សេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំមានអំណានថា អ៊ុយក្រែន «ត្រៀមជាស្រេចដើម្បីចូលទៅក្នុងបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនិងពេញលេញ» ប៉ុន្តែបាននិយាយថា «រហូតមកដល់ពេលនេះរុស្ស៊ីពុំបានប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ឬជំហានណាមួយដែលឈានទៅដល់បទឈប់បាញ់នោះទេ»។ សេចក្តីថ្លែងការណ៍បានសន្យាថានឹងផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ខណៈបានបញ្ជាក់ពី «តម្រូវការបន្ទាន់ដើម្បីពន្លឿនការផ្តល់សព្វាវុធ គ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស»។
សេចក្តីថ្លែងការណ៍និយាយថា «សន្តិភាពដ៏យុត្តិធម៍និងយូរអង្វែង ទាមទារការធានាសន្តិសុខរឹងមាំ និងគួរឱ្យទុកចិត្តសម្រាប់អ៊ុយក្រែន»។ កិច្ចប្រជុំកាលពីថ្ងៃពុធ បញ្ជាក់ពីសាមគ្គីភាពនៃប្រទេសអឺរ៉ុបខាងជើង និងរដ្ឋបាល់ទិកទាំងប្រាំបីប្រទេសប្រឆាំងនឹងរុស្ស៊ី នៅមុនកិច្ចប្រជុំស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដែលនឹងធ្វើឡើងនៅប្រទេសបារាំង។
