ក្រុមអាជ្ញាធរ និយាយថា មនុស្ស ១៥នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៣០នាក់ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតជិតពិធីដង្ហែរក្បួននយោបាយ ប្រទេសប៉ាគីស្ថាន ។
សមាជិកគណបក្ស Balochistan National(BNP) បានជួបជុំគ្នាសម្រាប់ការដង្ហែរក្បួននៅពហុកីឡដ្ឋានក្នុងទីក្រុង Quetta រដ្ឋធានីខេត្ត Balochistan ពេលដែលគ្រាប់បែកបានផ្ទុះឡើង នៅកន្លែងចតរថយន្ត ។
ក្រុមអាជ្ញាធរខេត្តនិយាយកាលពីថ្ងៃពុធថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៥នាក់ ខណៈដែលក្រុមរដ្ឋអ៊ិស្លាមនិយាយថា ពួកគេបានបើកការវាយប្រហារនេះ ។
ខេត្ត Balochistan ដែលស្ថិតនៅជាប់ព្រំដែនអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ គឺជាតំបន់ធំបំផុត និងក្រីក្របំផុតរបស់ប៉ាគីស្ថាន ។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះ ប្រឈមផងដែរការវាយប្រហារស្លាប់មនុស្ស និងញឹកញាប់ ពីក្រុមរដ្ឋអ៊ិស្លាម និងក្រុមផ្តាច់ខ្លួនផ្សេងទៀត ។
លោក Bakht Muhammad Kakar គឺជារដ្ឋមន្រ្តីក្រសួងសុខាភិបាលខេត្ត Balochistan និយាយថា ជនបំផ្ទុះគ្រាប់បែកអត្តឃាត មិនអាចចូលទៅដល់ទីតាំងដង្ហែរក្បួនបានឡើយ ដោយសារសន្តិសុខតឹងរឹងខ្លាំង ។
ចំណែកឯលោក Hamza Shafqaat គឺជាមន្រ្តីមួយរូបរបស់រដ្ឋាភិបាលប៉ាគីស្ថាន និយាយថា ការបាត់បង់ ឬខូចខាត អាចនឹងមានទំហំធ្ងន់ធ្ងរជាងនេះ បើសិនជាការផ្ទុះកើតឡើងនៅទីតាំងដង្ហែរក្បួន ។ លោកថា រដ្ឋាភិបាល បានដាក់ពង្រាយកងកម្លាំងនគរបាល ១២០នាក់ ទៅកាន់ទីតាំងដង្ហែរក្បួន ដើម្បីធានាសន្តិសុខ ៕