ក្រុមមន្រ្តីក្នុងតំបន់និយាយថា ការផ្លោងគ្រាប់កាំភ្លើងធំ និងការវាយប្រហារយានដ្រូនរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ នៅទីក្រុងភាគខាងកើត Kostiantynivka របស់អ៊ុយក្រែនកាលពីថ្ងៃពុធ ។
ក្រុមរដ្ឋអាជ្ញាក្នុងតំបន់និយាយនៅលើបណ្តាញព័ត៌មានសង្គម Facebook ថា ស្រ្តី ៣នាក់ និងបុរស ៥នាក់ ត្រូវបានសម្លាប់ អំឡុងការផ្លោងគ្រាប់កាំភ្លើងធំរយៈពេលជាង ១ម៉ោង ដែលបណ្តាលមនុស្ស ៦នាក់ផ្សេងទៀត រងរបួសផងដែរ ។

នគរបាលជាតិអ៊ុយក្រែន បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញក្រុមមន្រ្តីរបស់ពួកគេ ព្យាយាមជួយអ្នករងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ី ។
លោក Vadym Filashkin គឺជាអភិបាលក្នុងតំបន់និយាយថា ការវាយប្រហារបែបនេះលើជនស៊ីវិល មិនមែនជាឧបទ្ទេវហេតុដាច់ដោយឡែកនោះទេ ប៉ុន្តែវាគឺជាវិធីសាស្រ្តចំគោលដៅ និងមានចេតនា ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី ។
អភិបាលរូបនេះបន្តថា ក្រោយមកនៅថ្ងៃដដែលនោះ ស្រ្តីម្នាក់ ត្រូវបានសម្លាប់ និងមនុស្សម្នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារយានដ្រូនរុស្ស៊ី ។
ទីក្រុង Kostiantynivka បានក្លាយជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់មួយសម្រាប់ទាហានអ៊ុយក្រែន ក្នុងការការពារតំបន់ជួរមុខ ។ បច្ចុប្បន្ន ទាហានរុស្ស៊ីស្ថិតនៅចម្ងាយប្រហែល ៦គ.មពីតំបន់ជាយក្រុងរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានច្រានចោលការមានគោលដៅលើជនស៊ីវិល ប៉ុន្តែពួកគេរាប់ពាន់នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយលុកពេញលេញរបស់រុស្ស៊ីចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕
