លោក Stephane Dujarric គឺជាអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ(UN) និយាយថា ប្រមុខ UNលោក Antonio Guterres បានធ្វើការសង្កត់ធ្ងន់ថា សកម្មភាពណាមួយដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ក្រុមថែរក្សាសន្តិភាព ពិតជាពុំអាចទទួលយកបាននោះទេ ។ លោកទាមទារឲ្យភាគីទាំងអស់រក្សាទំនួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមថែរក្សាសន្តិភាព UN ។
គួរឲ្យដឹងថា កងកម្លាំងស្តីទីអង្គការសហប្រជាជាតិ(UNIFIL)និយាយថា យានដ្រូនអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក ៤គ្រាប់នៅជិតក្រុមថែរក្សាសន្តិភាព ដែលកំពុងធ្វើការបោសសម្អាតផ្លូវចូលទៅកាន់ទីតាំងរបស់ UN ។
កងកម្លាំង UNIFIL និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា នេះគឺជាការវាយប្រហារដ៏គ្រោះថ្នាក់បំផុតលើបុគ្គលិក UNIFIL និងទ្រព្យសម្បត្តិរបស់ពួកគេ ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំមុន ។
គ្រាប់បែក ១គ្រាប់ បានធ្លាក់នៅចម្ងាយ ២០ម៉ែត្រ និងគ្រាប់បែក ៣គ្រាប់ទៀត បានធ្លាក់នៅចម្ងាយប្រហែល ១០០ម៉ែត្រពីរថយន្ត និងបុគ្គលិករបស់ UN ។
កងកម្លាំង UNIFIL និយាយថា យោធាអ៊ីស្រាអែលត្រូវបានជូនដំណឹងជាមុនពីការងារបោសសម្អាតផ្លូវរបស់ UNIFIL ស្ថិតនៅតំបន់ភាគអាគ្នេយ៍ពីភូមិ Marwahin ។
ពាក់ព័ន្ធនឹងឧបទ្ទេវហេតុមួយនេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោកវរសេនីយ៍ទោ Nadav Shoshani បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ទាហានដែលឈរជើងនៅប៉ុស្តិ៍ក្រៅ ក្នុងតំបន់ភាគខាងត្បូងលីបង់ បានកំណត់សកម្មភាពសង្ស័យ ។ ពួកគេបានទម្លាក់គ្រាប់បែកភ្លើងជាច្រើនគ្រាប់នៅក្បែរៗនោះ ហើយនិងធ្វើឲ្យលែងមានការគំរាមកំហែងដ៏មានសក្តានុពលណាមួយ ។
លោកបន្តថា ក្រោយពិនិត្យមើលហេតុការណ៍ជាក់ស្តែង ក៏ដូចជាការបញ្ជាក់ផ្ទៀងផ្ទាត់បញ្ជូនតាមរយៈបណ្តាញទំនាក់ទំនង លែងមានការវាយប្រហារដោយចេតនាទៀតហើយលើបុគ្គលិករបស់កងកម្លាំង UNIFI។ សន្តិសុខរបស់ជនស៊ីវិល និងកងកម្លាំងអ៊ីស្រាអែលនៅតែជាអាទិភាពកំពូល ៕