នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិនលោក Xi Jinping បានកោតសរសើរស្លូវ៉ាគី សម្រាប់ការប្រកាន់ភ្ជាប់មិត្តភាពរបស់ខ្លួនជាមួយចិន ដោយលោកបាននិយាយប្រាប់លោកនាយករដ្ឋមន្រ្តី Robert Fico ថា លោកសង្ឃឹមថា ទីក្រុង Bratislava នឹងបន្តជួយទីក្រុងប៉េកាំង ក្នុងការបង្កើតទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបឲ្យកាន់តែទូលំទូលាយជាងនេះ ។
លោក Xi និយាយប្រាប់លោក Fico ថា សហគមន៍អន្តរជាតិត្រូវការការរួបរួម និងសហប្រតិបត្តិការច្រើនជាងមុន ។
ចិនពឹងផ្អែករដ្ឋមួយចំនួនរបស់សហភាពអឺរ៉ុបដូចជាស្លូវ៉ាគី ដើម្បីនិយាយជួសទីក្រុងប៉េកាំង នៅក្នុងសហភាពអឺរ៉ុបដែលបានដាក់ពន្ធខ្ពស់លើរថយន្តអគ្គិសនីផលិតនៅចិន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រកួតប្រជែងពុំត្រឹមត្រូវ ។ ស្លូវ៉ាគីគឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន ៥របស់សហភាពអឺរ៉ុប ជំទាស់ការដំឡើងពន្ធនេះ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua រាយការណ៍ថា លោក Xiនិយាយថា លោកសង្ឃឹមថា ស្លូវ៉ាគី នឹងបន្តដើរតួវិជ្ជមានក្នុងការលើកកម្ពស់ទំនាក់ទំនងចិន-សហភាពអឺរ៉ុប ៕