អ្នកស្រី Maman Soki លីបាវកម្ទេចកម្ទីមាសទម្ងន់ ៣០គ.ក ឡើងតាមជម្រាលភក់នៃអណ្តូងរ៉ែ Pangoyi ស្ថិតនៅតំបន់ភាគខាងកើតសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ អ្នកស្រីស្ថិតនៅក្នុងចំណោមអ្នករស់រានពីអំពើហិង្សាដែលបានជម្លៀសខ្លួនមនុស្សជាង ២០ម៉ឺននាក់ កាលពីឆ្នាំកន្លងទៅ ។
ស្រ្តីមេម៉ាយវ័យ ៤៩ឆ្នាំរូបនេះ ដែលកូនស្រី និងប្អូនស្រីរបស់គាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់កងកម្លាំងសម្ព័ន្ធប្រជាធិបតេយ្យ(ADF)លើភូមិរបស់គាត់កាលពីខែមេសា បានចំណាយពេល ៣ខែ ធ្វើការនៅក្នុងការងារមួយក្នុងចំណោមការងារដ៏គ្រោះថ្នាក់បំផុតនៅកុងហ្គោ ។
អ្នកស្រី Soki និយាយថា គាត់បានរត់ភៀសខ្លួន ក្រោយមើលឃើញមនុស្សជាទីស្រលាញ់របស់គាត់ ត្រូវបានសម្លាប់ដោយកងកម្លាំង ADF ។ ពួកគេបានដុតកម្ទេចចោលផ្ទះសម្បែងរបស់ពួកយើង ហើយនិងអ្វីៗទាំងអស់ដែលពួកយើងមាន ។

កងកម្លាំង ADF គាំទ្រដោយរដ្ឋអ៊ិស្លាម បានបង្កើនការវាយឆ្មក់របស់ពួកគេនៅទូទាំងតំបន់ភាគខាងកើតកុងហ្គោ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។
យោងតាមការអះអាងរបស់ក្រុមថែរក្សាសន្តិភាពនៅកុងហ្គោ បានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែកក្កដា ក្រុមសកម្មប្រយុទ្ធ ADF បានសម្លាប់ក្រុមគោរពបូជា ៣៨នាក់ នៅក្នុងព្រះវិហារមួយកន្លែងស្ថិតក្នុងខេត្ត Ituri ។ នៅក្នុងខែសីហា ក្រុមជីវពលមួយនេះ បានសម្លាប់ជនស៊ីវិលយ៉ាងហោច ៥២នាក់ នៅខេត្ត North Kivu ។
ការជីករ៉ែនៅកុងហ្គោ ភាគច្រើនជាបុរស ប៉ុន្តេជម្លោះបានបង្ខំឲ្យស្រ្តីដូចជាអ្នកស្រី Soki ប្រកបការងារដ៏គ្រោះថ្នាក់នេះ ដោយរកបានប្រាក់ចំណូលត្រឹមតែប៉ុន្មានដុល្លារប៉ុណ្ណោះ ក្នុង ១ថ្ងៃ ដើម្បីចិញ្ចឹមកូន ៤នាក់ កូនប្រុសបង្កើតរបស់គាត់ បន្ថែមពីលើប្អូនស្រីរបស់គាត់ និងកូនស្រីប្អូនស្រីរបស់គាត់ ។
អ្នកស្រី Soki និយាយថា ជួនកាលពួកយើងចង់ចូលទៅជីកក្នុងអណ្តូងរ៉ែ ប៉ុន្តែគេនិយាយប្រាប់ថា ស្រ្តីមិនត្រូវបានអនុញ្ញាតឲ្យចូលជីកនោះទេ ។ ដូច្នេះហើយ ពួកយើងត្រូវលីបាវកម្ទេចកម្ទីដែលជីករួច ដើម្បីយកទៅរែងយកមាស ។
ប្រាក់ឈ្នួលដែលគាត់រកបាន ជួយការចាយវាយលើថ្នាំពេទ្យ ចំណីអាហារ និងថ្លៃសាលាសម្រាប់កូនរបស់គាត់ ។ អ្នកស្រីសង្ឃឹមថា ថ្ងៃណាមួយអ្នកស្រីនឹងអាចសន្សំប្រាក់បានល្មមគ្រប់គ្រាន់ ដើម្បីបើកហាងលក់អាហារតូចមួយ និងចាកចេញពីការងារដ៏គ្រោះថ្នាក់មួយនេះ ៕
