អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់ និងមន្ត្រីការទូតលោកខាងលិចបានចាប់ផ្តើមកិច្ចចរចាជាផ្លូវការ លើកដំបូងរបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីពួកគេបានចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហា។ កិច្ចប្រជុំបិទទ្វារកំពុងធ្វើឡើងនៅសណ្ឋាគារមួយនៅលើភ្នំ ដែលគ្របដណ្តប់ដោយព្រិលនៅពីលើរដ្ឋធានីន័រវេស។

តំណាងតាលីបង់នឹងដាក់សម្ពាធលើការទាមទារឲ្យដោះលែងទឹកប្រាក់ជិត ១០ពាន់លានដុល្លារដែលបង្កកដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ខណៈដែលអាហ្វហ្គានីស្ថានប្រឈមនឹងស្ថានភាពមនុស្សធម៌មិនច្បាស់លាស់។ ប្រតិភូក្រុមតាលីបង់លោក Shafiullah Azam បាននិយាយថា យើងកំពុងស្នើសុំឱ្យពួកគេដោះលែងទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន និងកុំដាក់ទណ្ឌកម្មលើប្រជាជនអាហ្វហ្គានីស្ថានធម្មតាដោយសារតែសុន្ទរកថានយោបាយ។ ដោយសារតែភាពអត់ឃ្លាន ដោយសារតែរដូវរងាដ៏ធ្ងន់ធ្ងរ ខ្ញុំគិតថា វាដល់ពេលដែលសហគមន៍អន្តរជាតិត្រូវគាំទ្រជនជាតិអាហ្វហ្គានីស្ថាន ហើយមិនមែនដាក់ទណ្ឌកម្មពួកគេដោយសារតែជម្លោះនយោបាយរបស់ពួកគេនោះទេ។
មុនពេលកិច្ចចរចា អ្នកការទូតលោកខាងលិចបានជួបជាមួយសកម្មជនសិទ្ធិស្ត្រី និងអ្នកការពារសិទ្ធិមនុស្សអាហ្វហ្គានីស្ថាន ដើម្បីស្តាប់ពីសង្គមស៊ីវិលក្នុងប្រទេសអាហ្វហ្គានីស្ថាន និងជនភៀសខ្លួនអាហ្វហ្គានីស្ថានអំពីការទាមទារ និងការវាយតម្លៃអំពីស្ថានភាពបច្ចុប្បន្នជាមូលដ្ឋាន។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស បារាំង អ៊ីតាលី និងម្ចាស់ផ្ទះន័រវេស៕
អត្ថបទ៖ សុខមាន