ក្រុមអ្នកជួយសង្គ្រោះ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) នេះ បានឲ្យដឹងថា ទូកស្រឡាងដែលមានដឹកមនុស្សយ៉ាងច្រើន បានក្រឡាប់លិចនៅក្នុងរដ្ឋ Niger របស់ប្រទេសនីហ្សេរីយ៉ា ដោយបានបណ្ដាលឲ្យមានអ្នកលង់ទឹកស្លាប់យ៉ាងតិច ៣២នាក់ ដែលបានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងពីសោកនាដកម្មលិចទូកចុងក្រោយបង្អស់របស់ប្រទេសនេះ។
នាវាដែលមានដឹកបុរស ស្ត្រី និងកុមារជិត ១០០នាក់ នៅលើនោះ បើតាមសេចក្តីរាយការណ៍ បានបុកគល់ឈើ។ តំណាងកាកបាទក្រហម លោក Abubakar Idris បានប្រាប់បណ្ដាញសារព័ត៌មានថា ស្រឡាងនោះបានក្រឡាប់លិច កាលពីព្រឹកថ្ងៃអង្គារ នៅទន្លេ Malale ក្នុងតំបន់កណ្តាលភាគខាងជើងនៃប្រទេស។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋ (SEMA) បានឲ្យដឹងថា «មូលហេតុ គឺបណ្តាលមកពីការផ្ទុកលើសចំណុះ និងបុកកំណាត់ឈើ»។ ជាការធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ SEMA បានបញ្ជាក់ថា មនុស្ស ៣២នាក់ បានស្លាប់។
លោកបានបន្ថែមថា ប្រតិបត្តិការស្វែងរកកំពុងបន្តធ្វើ។ សេវាកម្មជួយសង្គ្រោះ បានឲ្យដឹងថា អ្នកដំណើរបានធ្វើដំណើរតាមដងទន្លេទៅកាន់ភូមិ Dugga ចម្ងាយប្រហែល ១៥-២០គីឡូម៉ែត្រ ដើម្បីទៅចូលរួមបុណ្យសពមនុស្សម្នាក់ដែលបានស្លាប់ កាលពីប៉ុន្មានថ្ងៃមុន៕
