បើតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra (ថាក់ស៊ីន ស៊ីណាវ៉ាត់) នឹងចាកចេញពីប្រទេសថៃតាមយន្តហោះឯកជនពី M JET នៅអាកាសយានដ្ឋានដនមឿង (Don Mueang Airport )។
មន្ត្រីអន្តោប្រវេសន៍ និងអាកាសយានដ្ឋាន បានធ្វើការត្រួតពិនិត្យឯកសាររបស់លោក ថាក់ស៊ីន យ៉ាងតឹងរ៉ឹង ដោយសារករណីផ្លូវច្បាប់របស់លោក ជាពិសេសករណីមាត្រា១១២ ដែលពេលនេះបានបញ្ចប់ហើយ។ លិខិតឆ្លងដែនដែលត្រូវបានដកហូតពីមុន ក៏ត្រូវបានប្រគល់ឲ្យវិញហើយ ដោយអាចឲ្យរូបលោកធ្វើដំណើរទៅក្រៅប្រទេស។ តែយ៉ាងណាក្ដី ករណីទាក់ទងនឹងការអនុវត្តទោស នៅជាន់ទី១៤ កំពុងស្ថិតក្នុងការពិចារណានៅឡើយ។
មន្ត្រីអន្តោប្រវេសន៍ និងអាកាសយានដ្ឋាន ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយក្រុមច្បាប់របស់លោក ថាក់ស៊ីន ដើម្បីធានាឲ្យបានថា ការធ្វើដំណើរនេះអនុវត្តតាមបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធទាំងអស់។
ប្រភពស្និទ្ធនឹងលោក ថាក់ស៊ីន បញ្ជាក់ថា លោកនឹងធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាពតាមពេលកំណត់។ ការណាត់ជួប និងពិនិត្យនឹងប្រើពេល ២ថ្ងៃ បន្ទាប់មកលោកនឹងត្រលប់ទៅប្រទេសថៃវិញភ្លាមៗ ដោយច្រានចោលពាក្យចចាមអារ៉ាម ដែលថា លោកកំពុងរត់គេចខ្លួន។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន មិនត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសនោះទេ ខណៈដែលសំណុំរឿងមាត្រា១១២ ត្រូវបានបញ្ចប់ ហើយលិខិតឆ្លងដែនដែលត្រូវបានដកហូត ត្រូវបានប្រគល់ឲ្យវិញហើយ។ ប្រភពបានបញ្ជាក់ថា លោក ថាក់ស៊ីន នឹងទៅពិនិត្យសុខភាព នៅសិង្ហបុរី ដោយស្នាក់នៅទីនោះរយៈពេល២ថ្ងៃ ហើយនឹងត្រលប់ទៅថៃវិញយ៉ាងពិតប្រាកដ មុនមានសាលក្រមក្នុងសំណុំរឿង នៅជាន់ទី១៤ ត្រូវបានប្រកាសនៅថ្ងៃទី៩ ខែកញ្ញា៕