ក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) នេះថា ប្រទេសអ៊ីរ៉ង់បានទម្លាក់កម្រិតទំនាក់ទំនងការទូត ជាមួយអូស្ត្រាលី មួយសប្តាហ៍បន្ទាប់ពីអូស្ត្រាលីបានបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជុំវិញការចោទប្រកាន់ថា ទីក្រុងតេអេរ៉ង់បានដឹកនាំការវាយប្រហារដោយដុតប្រឆាំងជនជាតិជ្វីហ្វចំនួន ២ករណី នៅក្នុងទីក្រុងស៊ីដនី និងមែលប៊ន។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា៖ «យោងទៅតាមច្បាប់ការទូត និងជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អូស្ត្រាលី សាធារណរដ្ឋឥស្លាម ក៏បានកាត់បន្ថយកម្រិតនៃវត្តមានការទូតរបស់អូស្ត្រាលីនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ»។ ដោយលោកបានបន្ថែមថា ឯកអគ្គរដ្ឋទូតរបស់ទីក្រុងកង់បេរ៉ា បានចាកចេញពីប្រទេសអ៊ីរ៉ង់។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយកាលពីសប្តាហ៍មុនថា ប្រតិបត្តិការ នៅស្ថានទូតអូស្ត្រាលីក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានផ្អាក ហើយអ្នកការទូតអូស្ត្រាលីទាំងអស់មានសុវត្ថិភាព នៅក្នុងប្រទេសទី៣។
ការសម្រេចរបស់ទីក្រុងកង់បេរ៉ា ក្នុងការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ដែលជាការមានចំណាត់ការបែបនេះលើកដំបូងរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ គឺជាឧទាហរណ៍ចុងក្រោយបង្អស់របស់រដ្ឋាភិបាលលោកខាងលិចដែលចោទប្រកាន់អ៊ីរ៉ង់ថា បានធ្វើសកម្មភាពលួចលាក់បង្កជាអរិភាពលើទឹកដីបរទេស។ សាធារណៈរដ្ឋឥស្លាមបានបដិសេធការចោទប្រកាន់របស់អូស្ត្រាលី៕