ក្រសួងការបរទេសរុស្ស៊ីបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបណ្តេញអ្នកការទូតអេស្តូនីម្នាក់ចេញពីស្ថានទូត នៅទីក្រុងមូស្គូ បន្ទាប់ពីមានចំណាត់ការបែបនេះរបស់អេស្តូនី កាលពីខែមុន។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានកោះហៅភារធារីបណ្ដោះអាសន្នរបស់អេស្តូនី លោក Marek Uhtegi ហើយបានជូនដំណឹងដល់លោក អំពីការបណ្តេញចេញនេះ។
ក្រសួងបានបញ្ជាក់ថា៖ «ប្រមុខបេសកកម្មការទូតអេស្តូនី ត្រូវបានបង្ហាញពីការតវ៉ាយ៉ាងខ្លាំង ចំពោះការប្រកាសមិនសមហេតុផលរបស់អ្នកការទូតស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅទីក្រុង Tallinn ដែលថា ជាបុគ្គលមិនត្រូវបានស្វាគមន៍ កាលពីថ្ងៃទី១៣ ខែសីហា»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បានបន្ថែមថា៖ «ជាការគោលការណ៍ឆ្លើយតបទៅវិញទៅមក ភាគីរុស្ស៊ី បានប្រកាសថា អ្នកការទូតអេស្តូនីម្នាក់នៅទីក្រុងមូស្គូ នឹងត្រូវបណ្តេញចេញ។ អេស្តូនីក៏ត្រូវបានជូនដំណឹងផងដែរថា វិធានការអរិភាពរបស់ទីក្រុង Tallinn នឹងមិនកើតមានដោយគ្មានការឆ្លើយតបនោះឡើយ»។
រួមជាមួយលោក Uhtegi មានមនុស្ស ៤នាក់ផ្សេងទៀតធ្វើការនៅស្ថានទូតអេស្តូនី ក្នុងទីក្រុងមូស្គូនេះដែរ ប៉ុន្តែគេមិនទាន់ច្បាស់ទេថា តើពួកគេនឹងត្រូវបណ្តេញចេញ ឬអត់៕