អឺរ៉ុប៖ អង្គការ NATO បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសសមាជិកមួយចំនួនកំពុងដាក់កម្លាំងត្រៀម និងបញ្ជូននាវា និងយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់អឺរ៉ុបខាងកើត ខណៈចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមគ្រួសារអ្នកការទូតចាកចេញពីអ៊ុយក្រែន ស្របពេលមានការព្រួយបារម្ភពីការឈ្លានពានរបស់រុស្ស៊ី។

ការវិវឌ្ឍន៍នេះបានគូសបញ្ជាក់ពីការភ័យខ្លាចកាន់តែខ្លាំងឡើង នៃការលុកលុយរបស់រុស្ស៊ីដែលអាចកើតមាននៅពេលណាមួយ បន្ទាប់ពីការធ្វើសមយុទ្ធយោធាជាច្រើនខែដោយទីក្រុងមូស្គូ ដែលបានធ្វើឱ្យមានភាពតានតឹងកើនឡើងជាបន្តបន្ទាប់ជាមួយអង្គការ NATO ដែលជាសម្ព័ន្ធមិត្តយោធារបស់បណ្ដាប្រទេសមហាអំណាចលោកខាងលិច។ ថ្លែងនៅទីក្រុងព្រុចសែល បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ និងស៊ុយអែត ប្រធានសម្ព័ន្ធ NATO លោក Jens Stoltenberg បាននិយាយថា អង្គការ NATO នឹងតែងតែធ្វើអ្វីដែលចាំបាច់ដើម្បីទប់ទល់ និងការពារសម្ព័ន្ធមិត្តរបស់យើងទាំងអស់គ្នា។
រុស្ស៊ីបាននឹងកំពុងបង្កើនកងកម្លាំង និងយោទ្ធោបករណ៍នៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែនតាំងពីឆ្នាំមុន ហើយកំពុងបញ្ជូនកងទ័ពទៅកាន់ប្រទេសបេឡារុស្សដែលនៅជិតខាង ដើម្បីធ្វើសមយុទ្ធយោធារួមគ្នានៅខែក្រោយ ដែលក្រុមមន្ត្រីអ៊ុយក្រែនបារម្ភថាអាចជាឆាកល្ខោនប្រតិបត្តិការពេញលេញដែលនឹងចាប់ផ្តើមការវាយប្រហារ។ ក្រុមមន្ត្រីចារកម្មអាមេរិកបាននិយាយថា ពួកគេមិនដឹងថា តើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសម្រេចចិត្តឈ្លានពានអ៊ុយក្រែន ឬយ៉ាងណានោះទេ។ វិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនគ្មានផែនការធ្វើដូច្នេះទេ ប៉ុន្តែបានអះអាងថា ការគាំទ្ររបស់ NATO សម្រាប់ប្រទេសនេះគឺជាការគំរាមកំហែងកាន់តែខ្លាំងឡើងនៅលើផ្នែកខាងលិចរបស់រុស្ស៊ី៕
អត្ថបទ៖ សុខមាន